(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាស់តឿនដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងបន្តកែលម្អសេវាសុខភាពសាធារណៈឲ្យកាន់តែប្រសើរឡើង។ លោក នួន ផារ័ត្ន បែបនេះថ្លែងក្នុងពិធីប្រគល់-ទទួលឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន២,៥០០ប្រអប់ សម្រាប់ចែកជូនដល់មន្ទីរពេទ្យបង្អែកទាំង៣ ក្នុងខេត្តកំពង់ធំ រួមមាន មន្ទីរពេទ្យខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកបានក្រើនរំលឹកដល់ប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ សហការជាមួយមន្ទីរពាក់ព័ន្ធ ចូលរួមចុះត្រួតពិនិត្យនៅគ្រប់សាលារៀនទាំងអស់ ហាមមិនឲ្យមានការលក់ភេជ្ជៈផ្អែមជាដាច់ខាត ដើម្បីចូលរួមទប់ស្កាត់ នៃការកកើតជំងឺផ្សេងៗដល់កុមារ ជាពិសេស ជំងឺទឹកនោមផ្អែម។

លើសពីនេះទៀត ត្រូវបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ ការលើកកម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្រុមគ្រូពេទ្យ ការបន្តកែលម្អសេវាសុខភាពសាធារណៈឲ្យកាន់តែប្រសើរឡើង និងធ្វើនិយ័តកម្មទាំងសេវាសាធារណៈ និងឯកជនឲ្យបានត្រឹមត្រូវ។

លោកផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ សូមយកចិត្តទុកដាក់បន្ថែម ក្នុងការពិនិត្យទៅលើលទ្ធភាព និងបច្ចុប្បន្នភាពនៃតម្រូវការប្រើប្រាស់ឱសថព្យាបាល ស្របតាមមគ្គុទេសព្យាបាល ប្រកបដោយប្រសិទ្ធិភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងតាមដានស្តុក និងគ្រប់គ្រងគុណភាពឱសថឱ្យបានត្រឹមត្រូវ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ឱសថព្យាបាលជំងឺទឹកនោមផ្អែម ចំនួន២,៥០០ប្រអប់នេះ ជាអំណោយរបស់សាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដែលក្នុងនោះរួមមាន ប្រភេទថ្នាំ Glimepiride 3mg ចំនួន១,០០០ប្រអប់ និង Glimepiride ២/៥០០ ចំនួន១,៥០០ប្រអប់៕