(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ចំនួន១៣៥នាក់ ដែលបន្តការហ្វឹកហ្វឺនបន្ថែម នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

ពិធីទទួល និងសំណេះសំណាល ជាមួយនាយទាហាន និងនាយទាហានរង កងរាជអាវុធហត្ថនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ និងមានការគាំទ្រពី មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរនិងនាយការិយាល័យ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានថ្លែងក្រើនរំលឹក ដល់នាយទាហាន និងនាយទាហានរងទាំងអស់ត្រូវគោរពវិន័យ មានរបៀបរៀបរយ មានសាមគ្គីភាពល្អ ចេះស្រឡាញ់រាប់អានគ្នា ត្រូវខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ពេលដើរហើរត្រូវមានច្បាប់ទំលាប់ ត្រូវរក្សាអនាម័យល្អក្នុងការរស់នៅ តាមកន្លែងស្នាក់នៅរបស់ខ្លួន ការហូបចុកល្អ និងត្រូវគោរពបទបញ្ជាផ្ទៃក្នុងតាមឋានានុក្រម៕