(ស្ទឹងត្រែង)៖ យុវជនរាប់សិបនាក់បានអង្គុយយ៉ាងត្រៀបត្រា នៅក្នុងបន្ទប់សាលប្រជុំមួយរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដើម្បីរង់ចាំឱកាសបានចូលខ្លួនមកចាប់យកសន្លឹកឆ្នោត ក្រែងមានភ័ព្វសំណាង បានចូលបម្រើក្នុងជួរកងទ័ព ធ្វើជាអ្នកបន្តវេនការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមលក្ខខណ្ឌនៃការបំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក។

តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំណុះយោធភូមិភាគទី១ បានជ្រើសរើសយុវជនឲ្យចូលបម្រើក្នុងជួរកងទ័ព នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានអនុវត្តតាមផែនការ នៃការជ្រើសសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌកងទ័ពជើងគោក តាមរយៈការរៀបចំពិធីចាប់សន្លឹកឆ្នោត ដោយមានសមាសភាពចូលរួមពី គណៈកម្មការជ្រើសរើសរបស់កងទ័ពជើងគោក អនុគណៈកម្មការជ្រើសរើសរបស់យោធភូមិភាគទី១ និងក្រុមការងារតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

ការចាប់ឆ្នោតបានដំណើរទៅតាមកាគ្រោងទុករបស់ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក តាមសេចក្តីសម្រេចលេខ០១១/សសរ/២០២៥ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។

សូមបញ្ជាក់ថា ការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក មានចំនួន១,៧០០នាក់ ហើយបេក្ខជនជាប់ឈ្មោះបឋមមានចំនួនលើស ទើបគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បានសម្រេចបន្តនីតិវិធីចុងក្រោយ គឺការចាប់សន្លឹកឆ្នោត ដោយសន្លឹកឆ្នោតមានបីប្រភេទ៖ ១៖សន្លឹកឆ្នោត ជាប់ជាស្ថាពរ, ២៖សន្លឹកឆ្នោត ជាប់បម្រុង (ត្រៀមសម្រាប់ការបំពេញជួស ករណីមានពលទាហានរត់ ចោលជួរអំឡុងពេលហ្វឹកហ្វឺន ឬជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនពេលពិនិត្យ) និង៣៖សន្លឹកឆ្នោត មិនបានការ៕