(ភ្នំពេញ)៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ដែលរៀបចំធ្វើនៅសណ្ឋាគារសុខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សរ ចំរុង និង លោក សម តារា ប្រធាន និងអនុប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា, លោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច, លោកនិង លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន, លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការអន្តរជាតិជាដៃគូ តំណាងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងមន្ត្រីរាជការនៃក្រសួងអធិការកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបចំនួន៧៧១រូប។
ថ្លែងក្នុងពិធីបិទសន្និបាតនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ឡើងវិញនូវ អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ការដឹកនាំត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺគ្មានការដឹកនាំទេ» និង «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» មានន័យថា អធិការកិច្ចជាកិច្ចការសំខាន់មិនអាចខ្វះបាន ក្នុងការត្រួតពិនិត្យលើការអនុវត្តមុខងារ ភារកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ» ដែលបង្កប់នូវអត្ថន័យពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ស្ថាប័ន និងមន្ត្រីត្រួតពិនិត្យ ត្រូវមានភាពស្អាតស្អំ និងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសមន្រ្តីអធិការកិច្ចត្រូវមានសមត្ថភាព ជំនាញច្បាស់លាស់ ភាពវៃឆ្លាត អត្តចរិតថ្លៃថ្នូរ ក្រមសីលធម៌ ស្អាតស្អំ និងបទពិសោធ ព្រមទាំងត្រូវមានសមត្ថភាពវិភាគនិងពិចារណាគ្រប់ជ្រុងជ្រោយ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ វិស័យអធិការកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណើរការនៃការកែទម្រង់ សំដៅពង្រឹងនិងលើកកម្ពស់សមត្ថភាព និងអភិបាលកិច្ចស្ថាប័នសាធារណៈ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។ វិស័យអធិការកិច្ច ក៏ជាកាតាលីករចូលរួមពង្រឹងសុចរិតភាព យុត្តិធម៌សង្គម និងអភិបាលកិច្ច សំដៅចូលរួមក្នុងការកសាងនីតិរដ្ឋ ការពារផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការនិងគាំទ្រឱ្យបានពេញលេញ ដើម្បីចូលរួមអនុវត្តមុខងារនិងភារកិច្ចដ៏សំខាន់នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឧបនាយករដ្ឋមន្រ្តីប្រចាំការបានលើកឡើងថា មុខងារអធិការកិច្ច ជាមុខងារមួយដែលត្រូវតែច្បាស់លាស់, ដោះស្រាយបញ្ហាបាន, មិនបង្កើនបន្ទុក ឬបង្កើនបញ្ហា ទៅលើការងារក្រសួង ស្ថាប័នដែលរងអធិការកិច្ច ជាពិសេស មិនជាន់សមត្ថកិច្ចគ្នាលើមុខងារត្រួតពិនិត្យ (Oversight Function) ហើយដែលសំខាន់បំផុត គឺការកំណត់វិសាលភាពអនុវត្ត (Scope) និងត្រូវឆ្លុះបញ្ចាំងពីយន្តការ Check and Balance។ ទន្ទឹមនេះ នៅកម្ពុជា យើងមានអាជ្ញាធរ
សវនកម្មជាតិដែលចុះធ្វើសវនកម្មផ្ទៃក្រៅរួចរាយការណ៍ជូនសភា, ដែលមានមុខងារត្រួតពិនិត្យលើអនុលោមភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយ បញ្ញត្តិអំពីគណនីហិរញ្ញវត្ថុសាធារណៈ ហើយនិងការធ្វើសវនកម្មសមិទ្ធកម្ម, អធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាពប្រឆាំងអំពើពុករលួយដែលអនុវត្តការងារស្រាវជ្រាវ ស៊ើបអង្កេត ស្របតាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងមាន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង (Internal Audit) និងអធិការកិច្ចបច្ចេកទេស(Technical Inspection) ដែលផ្ដោតលើការកែលម្អប្រតិបត្តិការតាមរយៈអនុលោមភាព និងការបង្កើតនប្សិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័ន ហើយក៏ជាដៃរបស់ប្រធានស្ថាប័នដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើសមិទ្ធកម្មការងាររបស់ផ្នែកនីមួយៗនៃក្រសួង ស្ថាប័ន។
ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនិងភារកិច្ចរបស់ក្រសួងអធិការកិច្ច និងជំរុញលើកកម្ពស់វិស័យអធិការកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់អនុសាសន៍ដល់ក្រសួងអធិការកិច្ចចំនួន៨ចំណុចរួមមាន៖ ១. បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ២. ត្រូវដឹកនាំ សម្របសម្រួល រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យអធិការកិច្ច ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ដោយឈរលើគោលការណ៍ពង្រឹងប្រសិទ្ធភាពប្រព័ន្ធការងារ ការទទួលខុសត្រូវ អភិបាលកិច្ចស្ថាប័ន ប្រយោជន៍សាធារណៈ និងប្រយោជន៍ប្រជាជន ៣. ត្រូវរៀបចំវិធាននិងនីតិវិធីប្រតិបត្តិ(SOP)ឱ្យបានច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចធ្វើអធិការកិច្ច និងការចូលរួមតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ៤. បន្តលើកកម្ពស់និងពង្រឹងសមត្ថភាពស្ថាប័ន ដោយផ្តោតលើ ការកសាងមូលធនមនុស្ស, ពង្រឹងការអនុវត្តតួនាទីអធិការកិច្ច, ពង្រឹងការចូលរួមតាមដានការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និង ពង្រឹងយន្តការទទួល និងដោះស្រាយបណ្ដឹង ៥. ជំរុញនិងពង្រឹងប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលជំនាញក្នុងវិស័យអធិការកិច្ច ៦. ជំរុញការងារឌីជីថល និងពង្រឹងការអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ៧. សិក្សានិងរៀបចំនូវយន្តការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តមុខងារអធិការកិច្ចរបស់ក្រសួង ស្ថាប័ន និង យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍លទ្ធផលអធិការកិច្ចរបស់ក្រសួង ស្ថាប័ន ដើម្បីធានាបាននូវសុខដុមនីយកម្ម និង៨. សូមស្នើគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានលើការងារអធិការកិច្ច ទៅជា អធិការកិច្ចទៅជួយតម្រង់ទិស ដើម្បីកែលម្អបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ដោយឈរលើទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» ដើម្បីឱ្យបានឃើញ បានឮអំពីចំណុចខ្វះចន្លោះនានា សម្រាប់យកមកពិចារណា សម្លឹងឱ្យឆ្ងាយ និងវិនិច្ឆ័យបានត្រឹមត្រូវ។
ជាចុងបញ្ចប់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថា្នក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ចនាពេលកន្លងមក ជាពិសេសក្រោមការដឹកនាំរបស់អតីតរដ្ឋមន្រ្តីទទួលបន្ទុកវិស័យអធិការកិច្ច ដូចជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកជំទាវ សោម គីមសួគ៌, លោក ហួត ហាក់ និងបច្ចុប្បន្នក្រោមការបន្តដឹកនាំដោយលោក សុខ សូកេន ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុង ដែលសម្រេចបាននូវលទ្ធផលល្អប្រសើរ និងសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ច។ឧបនាយករដ្ឋមន្ត្រីប្រចាំ ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងអធិការកិច្ច ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់បម្រើដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ។