(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការបដិសណ្ឋារកិច្ចដ៏មហោឡារិករបស់ទីម័រខាងកើត បង្ហាញពីការគោរព និងដឹងគុណចំពោះសម្តេចតេជោ ជួយទីម័រចេញពីចិត្ត ជួយដោយស្មោះត្រង់មិនត្រូវការការតបស្នង។
ការបញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីលទ្ធផល នៃការបំពេញទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូនេស៉ី និងទីម័រឡេស្ដេ ក្រោយសម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។
លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចតេជោ នៅទីម័រឡេស្តេ ខ្ញុំគិតថា បងប្អូនបានទស្សនាហើយ នូវរូបភាពដ៏រំភើប នៅពេលដែលចាកចេញពីឥណ្ឌូនេស៊ី គឺមានការទទួលស្វាគមន៍ ពីថ្នាក់ដឹកនាំកំពូល របស់ទីម័រឡេស្តេ»។
លោក ជា ធីរិទ្ធ បានលើកឡើងទៀតថា ការទទួលបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោ គឺជាការទទួលបដិសណ្ឋារកិច្ចមេដឹកនាំមួយ មិនដែលមាននៅក្នុងប្រវិត្ដសាស្ដ្រ នៃប្រទេសទីម័រឡេស្តេ។
បន្ថែមពីនោះទៀត លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសទីម័រឡេស្តេលើកនេះ បានបញ្ជាក់ថា ប្រជាជនកម្ពុជា មិនទុកទីម័រឡេស្ដេចោលនោះទេ គឺជាសារចេញពីបេះដួងពួកគាត់។
លោក ជា ធីរិទ្ធ បានថ្លែងទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ មិនត្រឹមតែពង្រឹងរវាងស្ថាប័នជាតិកម្ពុជា ជាមួយប្រទេសទាំងពីរនោះទេ ថែមទាំងពង្រឹងនូវទំនាក់ទំនងល្អ ជាមិត្តល្អ រវាងបុគ្គល និងបុគ្គលឲ្យកាន់តែខ្លាំងផងដែរ៕