(ឥណ្ឌូនេស៊ី)៖ នាឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា ក្រុមហ៊ុន Garuda ​Indonesia បានបញ្ជាក់ពីបំណង និងកំពុងសិក្សាអំពីជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត។

នេះបើតាមការបញ្ជាក់របស់បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរទស្សនាកិច្ចផ្លូវការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់នៅប្រទេស​​ឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេ។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងដូចនេះថា «ទទឹមនឹងជើងហោះហើរ Air Asia រវាងកម្ពុជា ភ្នំពេញ និងទីក្រុងហ្សាកាតា ក្រុមហ៊ុនជាតិរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា ហ្ការ៉ូដា (Garuda Indonesia) កំពុងសិក្សាអំពីការហោះហើរទៅសៀមរាប ហើយប្រហែលនៅពេលខ្លីខាងមុខនេះនឹងចាប់ផ្តើមហោះហើយ ពីប្រទេសឥណ្ឌូនេស៊ី ទៅសៀមរាប»

លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមថា ការសិក្សាជើងហោះហើយពីប្រទេសឥណ្ឌូនេស៊ី ទៅខេត្តសៀមរាបរបស់កម្ពុជានេះ ដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តសៀមរាប។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមថា នៅក្នុងជំនួបវរវាងថ្នាក់ដឹងនាំកំពូលរបស់ឥណ្ឌូនេស៊ី និងសម្តេចតេជោ ហ៊ុន សែន ប្រទេសទាំងពីរ កម្ពុជា និង ឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាធ្វើការឱ្យបានកាន់តែ​​ស្និទ្ធស្នាលជាមួយគ្នា ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបញ្ហាធំដែលមាននៅទូទាំងសកលលោក ដែលមានទាំងបញ្ហា ឆបោក និងបញ្ហាគ្រឿងញៀនផងដែរ៕