(ពោធិ៍សាត់)៖ លោក គង់ ពុទ្ធី នាយកបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំស្យា និងឃុំរាំងទិល ស្រុកកណ្តៀង តំណាងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងលោក រ៉ូនី គូ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារសិក្សាថ្មី ១ខ្នង មាន០៥បន្ទប់ នៅសាលាបឋមសិក្សារាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទីតាំងថ្មី ដោយបានការចូលរួមពីលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង, លោក ណារ៉ា ចំរើន អភិបាលស្រុក, លោក លោកស្រី ជានាយករងបញ្ជូនអគ្គិសនី, ប្រតិភូក្រុមហ៊ុន Leader Energy, អាជ្ញាធរមូលដ្ឋាន, គ្រួសារប្រជាពលរដ្ឋឃុំរាំងទិល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

គួរជម្រាបជូនថា អគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ ដែលត្រូវបើកការដ្ឋាននាថ្ងៃនេះ គឺ​គ្រោងនឹង​បញ្ចប់ការសាងសង់ ​នៅ​ចុង​ឆ្នាំ​២០២៥ ដែលអាចឱ្យ​សិស្សានុសិស្សចូលរៀន បាន​ប្រមាណ​១៦០​នាក់ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy ក្នុងតម្លៃទឹកប្រាក់ 183,103.12USD តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន Cambodian Transmission Limited ជាក្រុមហ៊ុនបានវិនិយោគវិស័យថាមពល នៅក្នុង​ប្រទេ​ស​កម្ពុជា តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន និងបានប្រតិបត្តិការតាមស្តង់ដារអន្តរជាតិ​។​ សាលារៀននេះ រចនាឡើងដោយមានបន្ទប់សិក្សា ដែលមានបរិក្ខាសុវត្ថិភាពល្អប្រសើរ បរិស្ថានស្អាត ហើយនឹងបំពាក់ដោយប្រព័ន្ធសូឡា​​​លើដំបូល ដើម្បីធានាបាននូវលទ្ធភាពទទួលបានថាមពលអគ្គិសនីស្អាត អាចប្រើប្រាស់តាមតម្រូវការ ប្រកបដោយចីរភាព ជាកត្តាសំខាន់សម្រាប់ការអប់រំសម័យទំនើប។

ថ្លែងក្នុងពិធីនោះ លោក រ៉ូនី គូ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Leader Energy មានប្រសាសន៍ថា ការផ្តល់សាលារៀននេះជាសក្ខីភាព នៃការចូលរួមរបស់ក្រុមហ៊ុន Leader Energy ក្នុងការកសាងសង្គមកកម្ពុជា​ ហើយសន្យាបន្តចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។ ក្រុមហ៊ុន Leader Energy ជឿជាក់ថាមនុស្សគ្រប់គ្នាមិនថានៅទីណា សក្តិសមនឹងទទួលបានការអប់រំនៅកន្លែងដែលមានសុវត្ថិភាព និងស្របតាមការប្តេជ្ញាចិត្តរបស់​ក្រុ​ម​ហ៊ុន ​​ចំពោះគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពតាមគោលការណ៍របស់អង្គការសហប្រជាជាតិ៖ ការអ​ប់​រំ​ប្រកបដោយគុណភាព។ នេះជាការបញ្ជាក់ពីតួនាទីរបស់ក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ ក្នុងការលើកស្ទួយសហគមន៍ ដែលក្រុ​ម​ហ៊ុនបានប្រតិបត្តិការ។ សមិទ្ធផលទទួលបាននេះ គឺបន្តពីសមិទ្ធផលមុនៗ របស់ក្រុមហ៊ុន Leader Energy ក្នុងប្រទេសកម្ពុជា ដែលមានដូចជា ការធ្វើឱ្យប្រសើរឡើងនូវបរិក្ខារសាលារៀន និងការបរិច្ចាកសម្ភារៈសិក្សា ដល់សិស្សដែលខ្វះខាត។ កម្មវិធីទាំងអស់នេះ បានបញ្ជាក់ពីជំហររបស់ក្រុមហ៊ុន ក្នុងការជួយដល់វិស័យអប់រំ គឺជាគ្រឹះសំខាន់ចំពោះការរីកចម្រើនប្រ​ក​ប​ដោយចីរភាព។

លោកជំរុញដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដោយត្រូវរៀនឱ្យមានចំណេះដឹង មិនមែនរៀនដើម្បីប្រកបរបរនេសាទមួយជីវិតនោះទេ ហើយត្រូវចងចាំថា «ប្អូនៗមកពីណា ប្អូនៗជានរណា ប្អូនៗកើតមកពីណា ត្រូវដឹងគុណអ្នកផ្តល់កំណើតឱ្យយើងមកដល់សព្វថ្ងៃ»។

លោក គង់ ពុទ្ធី នាយកបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំស្យា និងឃុំរាំងទិល ស្រុកកណ្តៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ ស្រុកកណ្តៀង និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

លោកបានជម្រាបជូនថា កម្មវិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ១ខ្នង នៅលើទីតាំងថ្មី នៃឃុំរាំងទិលនាពេលនេះ ដោយពិនិត្យឃើញថា នៅសាលាបឋមសិក្សារាំងទិល មានសភាពទ្រុឌទ្រោមខ្លាំង ទន្ទឹមនឹងតម្រូវការរបស់សិស្សានុសិស្ស កើនជារៀងរាល់ឆ្នាំ ហើយទីតាំងចង្អៀត មិនអាចរកទីតាំងសង់បាន តម្រូវឱ្យរកទីតាំងថ្មី។ លោកបន្តថា ការអប់រំនេះនឹងផ្តល់ចំណេះដឹង ដើម្បីបម្រើសហគមន៍ ភូមិ ឃុំ ស្រុក របស់យើង និងបញ្ចៀសពីរបរនេសាទ ដែលបានកាត់បន្ថយចំនួនអ្នកនេសាទ បង្កើនផលនេសាទ និងអាចឈានទៅចាប់មុខរបរចិញ្ចឹមជីវិតថ្មី តាមបច្ចេកវិទ្យាថ្មីៗ ដោយមានការយល់ដឹងពីសង្គម និងពិភពលោកខាងក្រៅ។

លោកបានបន្ថែមថា ការកសាងអគារសិក្សាថ្មី ១ខ្នងនេះ បញ្ជាក់អំពីសន្តិភាព ដែលនាំមកនូវការរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាការពិតណាស់ថា ឃុំរាំងទិលពីដើមឡើយមិនមានសាលារៀននោះទេ, ក្រោយឆ្នាំ១៩៧៩ ឃុំរាំងទិលបានប្រឹងប្រែងធ្វើការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដូចជាវត្តអារាម មណ្ឌលសុខភាព ប៉ុស្តិ៍ប៉ុសនគរបាល ផ្លូវបេតុង ផ្លូវដីក្រហម មានអគ្គិសនីបណ្តាញជាតិប្រើប្រាស់ និងផ្តល់ផ្ទាំងសូឡាតាមខ្នងផ្ទះ អំពូលសូឡាបំភ្លឺផ្លូវ តំបន់អភិរក្សពូជត្រី មានសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលស្តែងបញ្ជាក់ពីកត្តាសុខសន្តិភាព ហើយបើគ្មានសន្តិភាព ក៏ក្រុមហ៊ុនមិនអាចទុកចិត្តមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា និងមិនអាចជួយកសាងអគារសិក្សាថ្មី ១ខ្នងនេះផងដែរ។

លោកសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) និងក្រុមហ៊ុន Cambodian Transmission Limited (CTL) រួមទាំងសហការី ដែលបានធ្វើការឧបត្ថម្ភដល់ការសាងសង់អគារសិក្សាថ្មី ១ខ្នងនេះឡើង ហើយក៏សង្ឃឹមថាក្រុមហ៊ុននឹងបន្តកិច្ចសហការ ជួយជាបន្តបន្ទាប់ទៀត មកដល់ឃុំរាំងទិលរបស់យើងខ្ញុំ៕