(ភ្នំពេញ)៖ បើគិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន៥៥៣គ្រួសារ បានមកទទួលអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។

បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែឧសភា នេះ អតិថិជនដែលបានដាក់ឯកសារស្នើសុំអង្ករមានចំនួន៦៦៧គ្រួសារ ហើយអតិថិជនដែលបានមកទទួលអង្កររួចរាល់ មានចំនួន ៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន ២៧,៦៥០គីឡូក្រាម។ ដោយឡែកចំនួនអតិថិជនដែលមិនទាន់ទទួលបានអង្ករ មានចំនួន១១៤គ្រួសារ ហើយអង្ករដែលត្រៀមផ្តល់ជូនមានចំនួន ៥,៧០០គីឡូក្រាម។

ក្រុមការងារ ដដែលបានបង្ហើបឲ្យដឹងបន្ថែមថា គិតត្រឹមទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានបញ្ចប់សរុប ៣,៣៦៦ផ្ទះ និងកំពុងសាងសង់ជាង១ពាន់ផ្ទះ។ ប្លង់ផ្ទះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជនជារៀងរាល់ខែ ដូចដែលបានបង្ហាញលើផេកផ្លូវការរបស់ក្រុមហ៊ុន។

គួររំឭកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីរួមចំណែកសម្រួលដល់កសិករ ដែលកំពុងតែច្រូតកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេង ណាវ៉ាត្រា គម្រោង 6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ៕