(ភ្នំពេញ)៖ លោក ស៊ុយ សែម តំណាងរាស្រ្តខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធសៀវភៅដំណើរវិវត្តន៍នៃអគ្គិសនីភាវូបនីយកម្ម និងពិព័រណ៍រូបភាព អបអរសាទរខួបទី២០ឆ្នាំ នៃការផ្សារភ្ជាប់ និងវឌ្ឍនភាពរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ។

ពិធីនេះមានការចូលរួមពីសំណាក់លោកប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្ម និងអង្គទូតតាមបណ្តាប្រទេសមួយចំនួន ដែលមានដូចជា បារាំង ជប៉ុន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ចិន អាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង ឥណ្ឌា សិង្ហបុរី ថៃ ឡាវ វៀតណាម និងដៃគូអភិវឌ្ឍន៍នានា និងសិស្សនិស្សិត លោកគ្រូអ្នកគ្រូ ដែលមកពីវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានចំនួនអ្នកចូលរួមជាង ៣០០នាក់។

បើតាមលោក ប្រាំង ជលសា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ អគ្គិសនីកម្ពុជា កំពុងខិតខំគិតគូររកដំណោះស្រាយ ដើម្បីបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីបន្ថែមទៀត ជូនប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការចំណាយ លើការផលិតផលិតផល តាមបណ្ដារោងចក្រសហគ្រាស។ បច្ចុប្បន្ននេះ អត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅដ្ឋានប្រមាណ ៩៥,២៤ភាគរយ ពីបណ្ដាញជាតិ ស្មើនឹងភូមិចំនួន ៩៩.១៥ភាគរយ ខណៈភូមិដែលនៅសល់ ជាទីដាច់ស្រយាល គឺប្រភេទតំបន់លិចទឹក ពុំអាចតបណ្ដាញទៅបាន ប៉ុន្តែប្រជាពលរដ្ឋអាចប្រើប្រាស់ផលិតផលថាមពល ពីប្រព័ន្ធព្រះអាទិត្យ (សូឡា) ដូចនេះ ភូមិមានអគ្គិសនីប្រើប្រាស់ គឺ១០០ភាគរយហើយ។

លោកបានបន្តថា សព្វថ្ងៃការផ្គត់ផ្គង់បណ្ដាញជាតិបានដល់ ៥ ៣៦០ម៉េហ្កាវ៉ាត់ ដែលអាចផលិតជានិរន្តបានចំនួន ៣ ៦០០ម៉េហ្កាវ៉ាត់ ហើយកើនឡើង ២៥ដង បើធៀបនឹងឆ្នាំ២០០០។ ជាមួយនឹងការទទួលបាននូវអគ្គិសនីប្រើប្រាស់នេះ បានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងស្ថានភាពគ្រួសារត្រូវបានកែលម្អ អាចជួយបង្កើនមុខរបរ ជួយដល់ស្ត្រីមេផ្ទះ ជាពិសេស សម្រួលដល់ការសិក្សារបស់កុមារជាដើម។

លោកបានបន្ថែមថា អគ្គិសនីកម្ពុជា កំពុងផ្ដល់លទ្ធភាពនៃការផ្គត់ផ្គង់តាមតម្រូវការ មានស្ថិរភាព និរន្តរភាព ជាមួយនឹងគុណភាពកាន់តែប្រសើរឡើង តម្លៃសមរម្យ និងព្យាយាមមិនឲ្យឡើងថ្លៃ កំពុងប្រឹងប្រែងរកវិធីសាស្ត្របញ្ចុះថ្លៃ តាមរយៈប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប កាត់បន្ថយការបាត់បង់ថាមពលក្នុងប្រព័ន្ធ សន្សំសំចៃដំណើរប្រតិបត្តិការ ទោះបី ជាប្រទេសមួយចំនួនក្នុងពិភពលោក និងប្រទេសជិតខាង មានការឡើងថ្លៃក៏ដោយ។

ក្នុងឱកាសនោះ លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា សមិទ្ធផលដែលទទួលបានទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនចង់បាន និងចង់ឃើញ ជាមួយនឹងការជំរុញបន្ថែម ដើម្បីឱ្យការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា មាននិរន្តរភាព។

សម្រាប់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នេះជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំជំនាន់មុន តមកដល់បច្ចុប្បន្ននេះ និងការគាំទ្រចូលរួមពីដៃគូនានា ខណៈប្រែក្លាយពីកម្ពុជា ធ្លាប់ប្រើភ្លើងចន្លុះ ចង្កៀនប្រេងកាត មានអគ្គិសនីប្រើតិចតួចក្នុងទីក្រុង ឬទីប្រជុំជន មកជាមានអគ្គិសនីប្រើប្រាស់គ្រប់ខ្នងផ្ទះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទន្ទឹមនេះការមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងអាចផលិតបានដោយខ្លួនឯងដោយច្រើននោះ កម្ពុជាកាន់តែទាក់ទាញនូវការវិនិយោគពីក្រៅប្រទេស ដូចនេះសូមអរគុណដល់គ្រប់ភាគីទាំងអស់ ដែលធ្វើឲ្យកម្ពុជាដើរឆ្ពោះទៅដល់គោលដៅរបស់ខ្លួនបន្ថែមទៀត៕