(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានច្រានចោល និងថ្កោលទោសយ៉ាងខ្លាំង ចុមពោះ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួនដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ប្រាសាទតាមាន់។
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចាត់ទុកថា ការចោទប្រកាន់នេះ គឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ, កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួន នៅទីតាំងដដែលតាមបណ្តោយព្រំដែន។
ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕