(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះនិត្យមើលដំណើរការអនុវត្តគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ និងសិក្សាស្វែងយល់អំពីការងារគណនេយ្យភាពសង្គម និងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំគោកធ្លក ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកអង្គរបូរី ខេត្តតាកែវ។

នាឱកាសនោះ អភិបាលខេត្តតាកែវ បានជំរុញឲ្យលោកមេឃុំ សមាជិកក្រុមប្រិក្សាឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ/សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោក វ៉ី សំណាង បានលើកឡើងពីការបំពេញតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយនូវសំណើ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវផ្តោតការយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋសាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដោយត្រូវព្យាយាមជួយដល់ពួកគាត់ឲ្យអស់ពីសមត្ថភាព រួមទាំងការផ្តល់សេវាសាធារណៈ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋផងដែរ៕