(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរការខិតខំប្រឹងប្រែងរបស់ព្រះតេជគណគ្រប់ព្រះអង្គ និងគណៈគ្រប់គ្រងទាំងមូលក្នុងការផ្ទេរពុទ្ធិកវិជ្ជាទាំងផ្នែកព្រះធម៌វិន័យ និងចំណេះដឹងទូទៅដល់ សមណសិស្ស ដែលជាការរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងការកសាងអនាគតអ្នកបន្តវេនក្នុងវិស័យពុទ្ធចក្រ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរ ចីរកាល និងបម្រើដល់ការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។
អភិបាលរូបនេះ ថ្លែងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៃពុទ្ធិកសិក្សាទូទាំងខេត្តកណ្ដាល នៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ក្នុងបរិវេណវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដែលមានវត្តមានជាសហអធិបតីភាពដោយលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នាសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ ពិធីនេះក្រោមព្រះវត្តមាន សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវា ហហៅវត្តព្រែកតាទែន។
ថ្លែងក្នុងពិធីនេះលោក គួច ចំរើន បានថ្លែងកោតសរសើរ ប្រគេន និងជូនចំពោះ ព្រះនាយក ព្រះគ្រូ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ទាំងកម្លាំងព្រះកាយពលំ និងព្រះប្រាជ្ញាស្មារតី ដើម្បីធានាឱ្យការអប់រំបណ្ដុះបណ្ដាលប្រព្រឹត្តទៅដោយរលូន ទោះបីជាជានិច្ចកាល ត្រូវប្រឈមនឹងការខ្វះខាតធនធាន សម្ភារៈ ក៏ដូចជាថវិកាសម្រាប់ទ្រទ្រង់ដំណើរការប្រចាំថ្ងៃ និងការជួសជុលថែទាំ។
អភិបាលខេត្ត បានផ្តាំផ្ញើប្រគេន និងជូនចំពោះ ព្រះនាយក ព្រះគ្រូ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ បន្តផ្ទេរពុទ្ធិវិជ្ជា ចំណេះដឹង និងបទពិសោធន៍ដ៏ថ្លៃថ្លា ប្រគេន និងជូនដល់សមណសិស្ស-សិស្ស ប្រកបដោយព្រះមេត្តា ករុណា និងការយកព្រះទ័យទុកដាក់ខ្ពស់។
សូមបន្តធ្វើជាព្រះគរុដ៏ល្អដោយមិនត្រឹមតែបង្រៀនចំណេះវិជ្ជាប៉ុណ្ណោះទេ តែត្រូវបណ្ដុះនូវសីលធម៌ គុណធម៌ សុជីវធម៌ និងការគោរពព្រះធម៌វិន័យ ព្រមទាំងផ្ដល់ដំបូន្មានល្អ និងការលើកទឹកចិត្ត ដល់សមណសិស្ស-សិស្ស។ សូមបន្តយកព្រះទ័យទុកដាក់ក្នុងការស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពនូវវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាបាននូវគុណភាពនៃការបណ្ដុះបណ្ដាល។
ចំពោះសមណសិស្ស-សិស្ស លោកអភិបាលខេត្ត បានលើកចិត្តសូមឱ្យខិតខំយកចិត្តទុកដាក់ខ្ជាប់ខ្ជួន ក្នុងការក្រេបយកចំណេះវិជ្ជាទាំងផ្នែកព្រះធម៌ និងចំណេះដឹងទូទៅ ដែលព្រះគ្រូ លោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្រៀន គោរពព្រះធម៌វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាសមណសិស្ស-សិស្សល្អ ប្រកបដោយលក្ខណៈសម្បត្តិថ្លៃថ្នូរ។ សូមតាំងចិត្តសិក្សារៀនសូត្រឱ្យក្លាយជាអ្នកបន្តវេនដ៏ល្អ ជាសសរទ្រូងនៃព្រះពុទ្ធសាសនា និងជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ពុទ្ធបរិស័ទ សូមជួយចូលរួមកៀរគរធនធាន តាមសទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ដល់ការផ្គត់ផ្គង់សម្ភារៈ សិក្ខូបករណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមបណ្ដាពុទ្ធិកសិក្សាក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើនឡើងជាលំដាប់៕