(រតនគិរី)៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តខេត្តកន្ទូម ប្រទេសវៀតណាម ចំនួន១០អដ្ឋិធាតុ ដែលរុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំង២០២៤-២០២៥ ត្រូវបានធ្វើពិធីប្រគល់ និងទទួលដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅប្រទេសកំណើតវិញ។

ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងលោកស្រី អ៊ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្ដកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងនៅក្នុងពិធីជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, លោក ម៉ា វិចិត្រ ក្នុងនាមថ្នាក់ដឹកនាំខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ដរតនគិរី បានសម្តែងនូវការដឹងគុណ និងស្មារតីចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបាននូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។

លោកថា «យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្តគោរព វិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលមានអដ្ឋិធាតុ ជួបជុំនៅទីនេះសូមបន្ដស្ថិតនៅក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្ដន៍ដោយមង្គលដើម្បីបានជួបជុំគ្រួសារ សាច់ញាតិ បងប្អូនរបស់ខ្លួន កុំបីឃ្លៀងឃ្លាតឡើយ»៕