(ទីម័រឡេស្តេ)៖ ថ្លែងចេញពីទឹកដីនៃប្រទេសទីម័រឡេស្តេ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី៣៨ឆ្នាំ បានបញ្ជាក់យ៉ាងច្បាស់ថា ចិន មិនដែលដាក់សម្ពាធឱ្យកម្ពុជាថា «ត្រូវធ្វើនេះធ្វើនោះនោះទេ» ហើយសម្តេចបានឲ្យស្ថាប័នដៃគូ និងប្រទេសផ្តល់ជំនួយទាំងអស់ គោរពប្រទេសកម្ពុជា។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ស្តីពី មេរៀនរបស់សម្តេចតេជោ ហ៊ុន សែន៖ ដំណើរកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្ដែងការគោរពចំពោះសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧-១៨ ខែមេសា នាពេលកន្លងទៅ យើងខ្ញុំទទួលប្រធានាធិបតីចិន ស៊ី ជីនពីង ទស្សនកិច្ចនៅកម្ពុជា ចិនមិនដែលដាក់លក្ខខណ្ឌឲ្យយើងខ្ញុំ "ធ្វើនេះធ្វើនោះ" នោះទេ»

ស្របជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមឱ្យប្រទេស និងស្ថាប័នដៃគូផ្តល់ជំនួយទាំងអស់ គោរពប្រទេសកម្ពុជា មិនត្រូវបង្គាប់បញ្ជាឱ្យកម្ពុជា «ធ្វើនេះធ្វើនោះ» ជាថ្នូរនឹងជំនួយនោះឡើយ។

សម្តេចតេជោបានលើកឡើងថា ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ មានតម្លៃបំផុត សម្រាប់រក្សាឯករាជ្យជាតិ បើប្រជាជាតិមួយ បាត់បង់ម្ចាស់ការ លើជោគវាសនារបស់ខ្លួន ពេលនោះហើយ ដែលប្រទេសជាតិ ត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្ដរាយជាមិនខាន។

សម្តេចតេជោបន្ដថា ទោះបីជាកម្ពុជាទទួលបានការជំនួយពីមិត្ដបរទេស ពីអង្គការសហប្រជាជាតិក្ដី សន្ដិភាពយូរអង្វែង មិនអាចកាត់បានទេ បើសិនបើម្ចាស់ប្រទេស មិនខិតខំផ្ដួចផ្ដើម និងកសាងដោយខ្លួនឯង ហើយនេះក៏ជាអត្ថន័យពិតប្រាកដ នៃនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើមឡើងដោយជនជាតិខ្មែរ ចូលរួមអនុវត្ដ និងទទួលផល ដោយជនជាតិខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា កម្ពុជាធ្លាប់រងទុក្ខវេទនា ដោយសារការជ្រៀតជ្រែករបស់បរទេស ភាពជាម្ចាស់របស់កម្ពុជា ត្រូវបានគេដណ្ដើមយក ដោយចង្អុលឲ្យកម្ពុជា «ធ្វើនេះធ្វើនោះ» បើសិនមិនធ្វើតាម គឺគេកាត់ជំនួយ៕