(ភ្នំពេញ)៖ ប្រជាពរដ្ឋប្រមានជាង៤០០គ្រួសារ នៅស្រែញ័រ និងឃ្លះសណ្តាយ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកន្លងមក ប្រើប្រាស់តែទឹកអណ្តូង ទឹកស្រះ និងទិញទឹកស្អាតតាមឡានឯកជន សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ បច្ចុប្បន្ននេះ ទទួលបានទឹកស្អាតប្រើប្រាស់ជាផ្លូវការពីរដ្ឋាករទឹកក្រុងភ្នំពេញហើយ ។

នៅក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្ដីពីទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២៥ លោក ម៉ា ណូរ៉ាវីន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារអាជីវកម្ម លើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញថា រាជរដ្ឋាភិបាលអាណត្តិទី៧ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវាផ្គត់ផ្គង់នៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ ទីជនបទ សម្រាប់ការប្រើប្រាស់ទៅដល់សាធារណជន ដោយពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

លោកបន្ថែមថា ការបន្តផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទាំងពីរភូមិនេះ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាត បឹងធំ កាលពីចុងឆ្នាំ២០២៤ ដែលមានសមតម្ថភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គិតមកដល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានរោងចក្រផលិតទឹកស្អាតចំនួន ៨ កន្លែង ដោយ មានសមត្ថភាពផលិតបាន ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ, បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងខិតខំពង្រីកបណ្តាញទៅកាន់តំបន់ជាយក្រុងបន្ថែមដូចជា ការពង្រីកទៅតំបន់ជាប់ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជំរុញផ្គត់ផ្គង់ទឹកដែលនៅសល់ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះបន្ថែមទៀត។ ការចុះផ្សព្វផ្សាយនាពេលនេះ ចង់ឱ្យប្រជាពលរដ្ឋបានស្វែងយល់ និងផែនការ អភិវឌ្ឍន៍ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមួយចំនួន ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកឱ្យដឹងថា សង្កាត់ពងទឹកមានភូមិចំនួន ១០ និងមានប្រជាពលរដ្ឋជាង១ម៉ឺន៣ ពាន់នាក់។ ក្នុងចំណោមភូមិទាំង១០ មកដល់បច្ចុប្បន្នភូមិចំនួន ៨ ទទួលបានសេវាទឹកស្អាតប្រើប្រាស់ ខណៈភូមិចំនួន២គឺភូមិស្រែញ័រ និងភូមិឃ្លះសណ្តាយ មិនដែលទទួលបានសេវាទឹកស្អាតប្រើប្រាស់នោះឡើយ។ ការមិនទទួលបានទឹកស្អាតប្រើប្រាស់នេះ ធ្វើឱ្យប្រជាពលរដ្ឋជួបប្រឈមមួយចំនួន ដូចជាចំណាយលុយច្រើនទៅការទិញទឹកស្អាតតាមឡានឯកជន ដែលមានតម្លៃថ្លៃមកប្រើប្រាស់ ប្រឈមនឹងសុខភាពដោយសារប្រើប្រាស់ទឹកមិនស្អាត ដូចជាទឹកអណ្តូងទឹក ទឹកស្រះជាដើម។

ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យតបណ្តាញទឹក សម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានតបណ្តាញដល់ខ្នងផ្ទះ ដែលជាទឹកដែលមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលនេះ ជាលើកដំបូងហើយ ដែលពួកគាត់ទើបទទួលបានសេវាទឹកស្អាតប្រើប្រាស់ ដែលធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា នៅក្នុងភូមិស្រែញ័រ មានប្រជាពលរដ្ឋចំនួន២៧០គ្រួសារ និងភូមិឃ្លះសណ្តាយមានប្រជាពលរដ្ឋ២២០គ្រួសារ។ នៅក្នុងការចុះផ្សព្វផ្សាយស្តីពីទឹកស្អាតនេះ ក្រុមការងារនាយកដ្ឋានអាជីវកម្ម ក៏បានបង្កើតបញ្ជរចែកពាក្យ-ទទួលពាក្យ តបណ្តាញទឹកជូនប្រជាពលរដ្ឋផ្ទាល់ នៅក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ដោយបានចែកនិងទទួលពាក្យបានចំនួន ២៧២ បណ្តាញ ក្នុងនោះមានគម្រោងឧបត្ថម្ភធន ៥០ ភាគរយ ចំនួន ៤៧ បណ្តាញ និងឧបត្ថម្ភធន ៧០ ភាគរយ មានចំនួន ៩ បណ្តាញ៕