(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី «Visit Angkor» ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
បើតាមសេចក្ដីជូនដំណឹង, ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានបង្កើតនូវកម្មវិធីមួយ ដែលមានឈ្មោះថា «Visit Angkor» ហើយដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store U តាមរយៈ QR code ដែលបានជូនភ្ជាប់។
កម្មវិធីនេះ មានមុខងារសំខាន់ៗ ដូចខាងក្រោម៖
១៖ មុខងារប្រាសាទ៖ ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជា បន្ទប់ទឹក ចំណត និង មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ជាដើម។ល។
២៖ មុខងារក្រៅពីប្រាសាទ៖ ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែង កម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប។
៣៖ មុខងារក្រមប្រតិបត្តិ៖ ផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាង នៅពេលចូលទស្សនារមណីយដ្ឋាន អង្គរ។
ក្រៅពីមុខងារសំខាន់ៗខាងលើ កម្មវិធីក៏នឹងមានជូនដំណឹងជាប្រចាំ អំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិ អប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យោបាយក្នុងការទំនាក់ទំនង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និងជួយសង្គ្រោះ ក្នុងករណីភ្ញៀវមានបញ្ហាអំឡុង ពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
លើសពីនោះទៀត ព្រមទាំងមានចំណុចចូលរួម ផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ ក្នុងន័យផ្តល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអនាម័យ និងបរិស្ថានជាដើម -ល-។
ដើម្បីទាញយកកម្មវិធី Visit Angkor៖
* សម្រាប់ Play store 👉 https://play.google.com/store/apps/details?id=com.udaya.visit_angkor
* សម្រាប់ App store👉 https://apps.apple.com/kh/app/visit-angkor/id6465895919