(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សមត្ថភាពសិក្សារៀនសូត្រខ្លាំងពូកែរបស់សិស្សានុសិស្ស មិនចំណុះទាំងស្រុងលើកម្រិតជីវភាពក្នុងក្រុមគ្រួសារនោះឡើយ ពោលអាស្រ័យលើការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់។ សម្ដេចបញ្ជាក់ថា មិនប្រាកដថា កូនអ្នកដែលមានជីវភាពលំបាក រៀនចាញ់កូនអ្នកមានជីវភាពធូរធារនោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្ញប់ស្ញែងចំពោះយុវជនម្នាក់នៅខេត្តព្រៃវែង ដែលមានជីវភាពលំបាក ឪពុកជាអ្នករត់កង់បី និងម្ដាយជាអ្នកលាងចាន ប៉ុន្ដែរៀនរហូតក្លាយជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនថាឪពុកម្ដាយ ជាអ្នកក្រ ឬអ្នកមាន ឬគាត់នៅជនបទដាច់ស្រយាល តែងតែខិតខំឲ្យកូនរៀនសូត្រ ព្រោះប្រជាជនយើងយល់ថា មានតែចំណេះដឹងទេទើបមាននិរន្ដរ៍ភាព។ ក្មួយម្នាក់ដែលរៀនបានលេខ២នៅព្រៃវែង ខាងគណិតវិទ្យា គ្រួសារក្រីក្រលំបាក ប៉ុន្ដែឪពុកម្ដាយតស៊ូ ឪពុករត់កង់បី ម្ដាយរកស៉ីលាងចានបោកគក់ឲ្យគេ ប៉ុន្ដែតស៊ូឲ្យកូន ហើយកូនខិតខំប្រឹងប្រែងប្រឡង អ៊ីចឹងមិនប្រាកដថា អ្នកក្រ រៀនចាញ់អ្នកមាននោះទេ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មិនខុសពីបណ្ដាប្រទេសផ្សេងនានានៅលើពិភពលោកនោះដែរ ពោលពួកគាត់យល់ឃើញថា មានតែចំណេះដឹងដែលផ្ដល់ឲ្យកូននោះទេ ទើបមិនរលាយសាបសូន្យ ហើយទ្រព្យសម្បត្តិទៅវិញទេ ដែលអាចនឹងរលាយបាត់ប្រសិនបើបុគ្គលនោះមិនចេះថែរក្សា។ សម្ដេចបន្ដទៀតថា សមត្ថភាពក្នុងការសិក្សា និងឆ្លុះបញ្ចាំងនៅពេលចេញបម្រើការងារ ពោលមិនមានឪពុកម្ដាយណាដែលតាមដឹកដៃរហូតឡើយ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់យុវជន យុវតីទាំងអស់ ត្រូវប្រមូលផ្ដុំគ្នាខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់បង្គាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដើម្បីមានអនាគតល្អ ហើយមិនត្រូវប្រមូលផ្ដុំគ្នាបង្កើតបក្ខពួកបងធំ បងតូច ប្រើប្រាស់អំពើហិង្សាដែលសង្គមស្អប់ខ្ពើម ហើយផ្ទុយនឹងច្បាប់នោះទេ។ សម្ដេចសង្កត់ធ្ងន់ថា យុវជន យុវតី ដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន ដូចអ្វីដែលធ្លាប់អនុវត្តកន្លងមក។

សូមជម្រាបថា យុវជនដែលជាសិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេស ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឡើងមកស្ញើចសរសើរនោះ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឈ្មោះ ចាន់ សុវណ្ណរាជ។

យុវសិស្ស ចាន់ សុវណ្ណរាជ ក្រោយទទួលបានជយលាភីលេខ១ផ្នែកគណិតវិទ្យាទូទាំងប្រទេសហើយនោះ នៅពេលត្រឡប់ទៅភូមិឋានវិញ ត្រូវបានគេរៀបចំក្បួនដង្ហែអបអរសាទរតាមដងផ្លូវ ដោយអមជាមួយភ្លេងឆៃយ៉ាំយ៉ាងកងរំពង ព្រមជាមួយសំឡេងស្រែកបន្ទរពីការអបអរសាទររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ៕