(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន ដើម្បីគ្របដណ្ដប់រឿងអវិជ្ជមានដែលហួសព្រំដែនសីលធម៌សង្គម ខណៈរាជរដ្ឋាភិបាលចង់ឲ្យពលរដ្ឋបញ្ចេញសារអប់រំល្អៗទៅវិញទៅមកជាជាងប្រើច្បាប់។
ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនចោទសួរថា នៅក្នុងសង្គមយើងក្មេងៗមួយចំនួនលែងគិតរឿងអីទាំងអស់ កាប់ចាក់គ្នាពេញហ្នឹង តើយើងត្រូវរតល់រលាយទេកូនខ្មែរ? អត់ទេ យើងនៅមានចំណុចវិជ្ជមានមានប្រជាជនយើងជាច្រើនដែលប្រើហ្វេសប៊ុក ដើម្បីចែករំលែកនូវបទពិសោធល្អៗផ្សាយល្អៗអប់រំល្អៗរួមទាំងព្រះសង្ឃផង»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋបញ្ចេញសារអប់រំល្អៗ នៅតាមបណ្ដាញសង្គមរបស់ខ្លួន ដើម្បីបន្សាបរាល់សារអវិជ្ជមានគ្មានក្រមសីលធម៌ ប្រសើរជាជាងរដ្ឋប្រើប្រាស់ច្បាប់ទៅលើអ្នកដែលដើរហួសព្រំដែនសីលធម៌សង្គម។
ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ពលរដ្ឋនីមួយៗត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថ សីលធម៌ គុណធម៌ ដើម្បីក្លាយខ្លួនជាមនុស្សវិជ្ជមាននៅក្នុងសង្គម។ ជាមួយគ្នានេះ ឪពុកម្ដាយ បងប្អូន មិត្តភក្ដិ ត្រូវរួមគ្នាអប់រំគ្នាទៅវិញទៅមក។ សម្ដេចបញ្ជាក់បន្ថែមថា នេះគឺជា កត្តាចីរភាពដែលឆ្លុះបញ្ចាំងពីសង្គមមួយមានសុខដុមនីយកម្ម៕