(ទីម័រឡេស្ដេ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ មេត្តាផ្តល់លទ្ធភាពឱ្យទីម័រឡេស្តេ បានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ជាជាងទុកនៅជាសមាជិកសង្គេតការណ៍ ខណៈដែលគ្មានហេតុផលណាដែលត្រូវរារាំងដល់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដូចនេះ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែល សម្តេចអញ្ជើញធ្វើបទឧទ្ទេសនាម លើទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ នៅវិមានរដ្ឋសភា របស់ទីម័រឡេស្តេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញុំសូមអំពាវនាវថ្នាក់ដឹកនាំអាស៊ានដទៃទៀត មេត្តាផ្តល់លទ្ធភាពឱ្យទីម័រឡេស្តេ បានក្លាយជាសមាជិកពេញសិទ្ធិ ដែលនេះជាភាពចាំបាច់នៃភូមិសាស្ត្រនយោបាយ ជាភាពចាំបាច់នៃការធ្វើសមាហរណកម្មក្នុងតំបន់ និងជាភាពចាំបាច់ដែលអាស៊ានត្រូវដើរតួនាទីក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងដែនដីអាស៊ីអាគ្នេយ៍របស់យើង»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះទីម័រឡេស្តេ បើពិនិត្យអំពីលក្ខណៈសម្បត្តិ ចំពោះទីម័រឡេស្តេ និងកម្ពុជា គឺខុសគ្នាដាច់ស្រលៈ ដោយគ្រាដែលកម្ពុជាចូលក្នុងអាស៊ាន នៅក្នុងឆ្នាំ១៩៩៩ ពេលនោះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ មានត្រឹមតែ ២៨១ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះទីម័រឡេស្តេ មានប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗ រហូតដល់ ១,៤៥៣ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា បើនិយាយពីស្ថានភាពសង្គម និងធនធានមនុស្ស ទីម័រឡេស្តេមានភាពល្អប្រសើរជាងកម្ពុជាកាលពីឆ្នាំ១៩៩៩ ទៅទៀត ដូចនេះគ្មានហេតុផលណាមួយដែលត្រូវរារាំងនូវតួនាទីរបស់ទីម័រឡេស្តេ ចូលទៅជាសមាជិកអាស៊ាននោះទេ។
សម្តេចបានថ្លែងដូចនេះទៀតថា «ខ្ញុំគឺជាសាក្សីរស់ម្នាក់ ដែលម្ខាងខ្លួនឯងដឹកនាំកម្ពុជានៅក្នុងដំណាក់កាលចូលដំបូង គឺផលិតផលសរុបជាមួយនឹង ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋត្រឹមតែ ២៨១ដុល្លារ ក្នុងពេលនេះទីម័រឡេស្តេ ត្រៀមខ្លួនចូលជាសមាជិក ប៉ុន្តែប្រាក់ចំនូលរបស់ប្រជាពលរដ្ឋរហូត ១ ៤៥៣ដុល្លារ ដែលចេញមកពីការស្ថិតិនៃធនាគារពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាស៊ាន នឹងគាំទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ជាជាងទុកនៅជាសមាជិកសង្គេតការដូចសព្វថ្ងៃនេះខណៈដែលប្រទេសនេះ បានស្នើសុំចូលជាសមាជិករយៈពេល១០ឆ្នាំមកហើយ៕