(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន CRBC និងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ ដែលមានប្រវែង ១០៦គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ ដល់ខេត្តកំពង់ចាម ហើយការសិក្សាគម្រោងនេះសម្រាប់ឱ្យនាវាចំណុះ ៣ ០០០ DWT អាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ ដោយបូមស្តារកំណាត់ផ្លូវទឹកដែលរាក់ ការរៀបចំទីតាំងចាក់អាចម៍ដី និងការបំពាក់នឹងដំឡើងសញ្ញាជំនួយនាវាចរណ៍៕