(ភ្នំពេញ)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ)បានថ្លែងថា កិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប និងបណ្ដាដៃគូអភិវឌ្ឍ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះពាក់ព័ន្ធនឹងការពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ការលើកកម្ពស់តម្លាភាព ការពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋជាដើម។
ការលើកឡើងរបស់លោក រស់ សីលវ៉ា ធ្វើឡើងក្នុងឱកាសធ្វើជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥”
រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន អ.គ.ហ សហការជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ទី៧ ខែឧសភា គ.ស. ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតបាល់ទាត់នេះជាការរៀបចំលើកទី២ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងបន្តលើកកម្ពស់មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ, ម្យ៉ាងដើម្បីបង្កើនភាពស្និទ្ធស្នាល និងម្យ៉ាងទៀត ដើម្បីឈានទៅសម្រេចបានរួមគ្នានូវគោលបំណង នៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនានា ជាពិសេសក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងឱកាសនោះ លោក រស់ សីលវ៉ា បានស្វាគមន៍ និងមានប្រសាសន៍ថា “កម្មវិធីប្រកួតនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីគុណតម្លៃនៃកីឡា នាំឆ្ពោះទៅបង្កើនមិត្តភាព សាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដោយការលេងកីឡាបាល់ទាត់បង្ហាញអំពីរបៀប នៃការធ្វើការរួមគ្នាដើម្បីឆ្ពោះទៅ សម្រេចគោលដៅរួមរបស់ក្រុម។
លោក អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា «ការលេងកីឡាបាល់ទាត់ គឺលើសពីកីឡាទូទៅ ដោយបាល់ទាត់ជាភាសាសកលដែលនាំឱ្យយើងបានជួបជុំជាមួយគ្នា។ កីឡានេះ បានបង្រៀនយើងអំការធ្វើការជាក្រុម ភាពធន់ និងការគោរពគ្នា ហើយការប្រកួតនាពេលនេះ បង្ហាញអំពីការប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងសហភាពអឺរ៉ុបដែលជាសហគមន៍ប្រជាជាតិ និងកម្ពុជា»។
លោកបានគូសបញ្ជាក់បន្ថែមថា «សហភាពអឺរ៉ុប ប្តេជ្ញារក្សាភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អន្តរកាលឌីជីថល និងគោលការណ៍បៃតង និងនៅអមជាមួយកម្ពុជា ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច»។ បន្ថែមពីនេះ សហភាពអឺរ៉ុប ប្តេជ្ញាគាំទ្រកម្ពុជាក្នុងគោលដៅអភិវឌ្ឍ, ការលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងចីរភាព, ការរក្សានូវការប្តេជ្ញាចិត្តរឹងមាំនិងយូរអង្វែង និយាយជារួម និងជាក់លាក់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើដែនសំខាន់ៗចំនួន ៣ ជាអាទិ៍៖ កំណើនបៃតងនិងការងារសមរម្យ; ការអប់រំនិងការអភិវឌ្ឍជំនាញ; និងអភិបាលកិច្ចល្អ។ គួរជម្រាបផងដែរថា កាលពីព្រឹកមិញ មានកិច្ចសន្ទនារវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប លើប្រធាន-បទស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរៀបចំជាលើកទី៣។ កិច្ចសន្ទនានេះ ផ្តោតលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ការផ្តល់ជំនួយបច្ចេកទេសរបស់ជំនាញការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តច្រកទ្វារសកល (Global Gateway)។
ការប្រកួតកីឡាបាល់ទាត់នាពេលរសៀលនេះ បង្ហាញអំពីស្មារតីបំពេញការងារជាក្រុម និងការគោរពគ្នាទៅវិញទៅមក ដោយមិនផ្ដោតសំខាន់ទៅលើការដណ្តើមយកចាញ់-ឈ្នះ នោះឡើយ។ ជារួម ការប្រកួតកីឡាបាល់ទាត់នេះ បានបញ្ចប់ទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្នាមញ្ញឹម ជាមួយនឹងលទ្ធផល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជ័យជំនះ ៤-២៕