(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ លោក តុប ឈុនសុង លោក អ៊ួង វុទ្ធា ជាចៅក្រមប្រឹក្សា ដោយមានលោក ទុង រតនា ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងជនដៃដល់ឈ្មោះ អ៉ិត ឆេងហ៊ត ដោយសម្រេចផ្តន្ទាទោសកំណត់ ១២ឆ្នាំ និងសងទៅជនរងគ្រោះចំនួន (១២០លានរៀល)។

គួររំលឹកថា ក្នុងកំឡុងអង្គសវនាការ ជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកពូថៅដៃកាប់លើជនងគ្រោះដែលជាមន្ដ្រីនគរបាល ចំនួន៣ពូថៅប្រាកដមែន។ លោក ម៉ម វ៉ាន ដែលជាមេធាវីការពារឲ្យជនជាប់ចោទ បានបញ្ជាក់ជូនអង្គសវនាការបន្ថែមថា បើយោងតាមចម្លើយរបស់កូនក្តីខ្លួន ដែលបានឆ្លើយនៅដំណាក់កាលសមត្ថកិច្ច កាប់កាប់នេះ គឺព្រោះតែការខឹងក្រោធមួយពេល ដោយសារ តែជនរងគ្រោះធ្លាប់ជេប្រមាថមកលើកូនក្តីខ្លួន តាមឆាតបណ្តាញសង្គម។ ដូច្នេះលោកបានស្នើសុំចៅក្រមប្រធាន និងក្រុមប្រឹក្សា ព្រមទាំងតំណាងអយ្យការ សូមកែប្រែបទចោទលើកូនក្តីរបស់ខ្លួន ពីបទ «ប៉ុនប៉ងឃាតកម្ម» មកជាបទ «ហិង្សាដោយចេតនា» វិញពីព្រោះថា ស្ថានភាពជនរងគ្រោះនៅជាធម្មតា ដោយប្រាស្រ័យសួរដេញដោលគ្នា និងចងចាំបានជាធម្មតា។

ទោះជាយ៉ាងក៏ដោយតំណាងអយ្យការ នៅតែរក្សាបទចោទលើឈ្មោះ អ៉ិត ឆេងហ៊ត ពីបទ «ប៉ុនប៉ងឃាតកម្ម» និងស្នើឲ្យចៅក្រមផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា ជនដៃដល់ អ៉ិត ឆេងហ៊ត ជាជនដៃដល់ ដែលបានធ្វើសកម្មភាពកាប់ប្រហារលើមន្រ្តីនគរបាលម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបាន នៅខេត្តស្វាយរៀង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវ ភ្លាមៗ ដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់នៅខេត្តស្វាយរៀង។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា ដើមចមនៃហេតុការណ៍អំពើកាប់ប្រហារនេះ ផ្ដើមចេញពីទំនាស់ក្នុងទំនាក់ទំនងស្នេហា៕