(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp និងលោក ម៉ា យ៉ារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួប និងផ្តល់កិច្ចសម្ភាសជូនប្រតិភូ មកពីបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនៃខេត្តយូណាន ប្រទេសចិន ដឹកនាំដោយលោកស្រីបណ្ឌិត Zhao Shulan នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីកម្ពុជា ដើម្បីស្រាវជ្រាវ ស្តីអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យព័ត៌មានរវាងកម្ពុជា និងចិន។

លោកស្រីបណ្ឌិត Zhao Shulan បានជម្រាបជូនលោកអគ្គនាយកថា ស្ថាប័នស្រាវជ្រាវរបស់ខ្លួន ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយចាប់ពីពេលនោះមក ស្ថាប័ននេះចាប់ផ្តើមមានការស្រាវជ្រាវពីកម្ពុជារួចទៅហើយ។ នៅឆ្នាំ២០២១ កន្លងទៅស្ថាប័នស្រាវជ្រាវនេះ បានបង្កើតមជ្ឈមណ្ឌលមួយ ដែលមានឈ្មោះថា «មជ្ឈមណ្ឌលស្រាវជ្រាវពីកម្ពុជា» ទាំងរដ្ឋាភិបាល និងរដ្ឋបាលខេត្តយូណា មានការទុកចិត្ត និងជឿជាក់លើការស្រាវជ្រាវរបស់ស្ថាប័ននេះ។ ជារៀងរាល់ឆ្នាំ ស្ថាប័នរបស់ខ្លួនតែងតែធ្វើការស្រាវជ្រាវអំពីកម្ពុជាលើប្រធានបទផ្សេងៗ។

លោក លឹម ជាវុត្ថា បានថ្លែងនូវការស្វាគមន៍ ចំពោះលោកស្រីបណ្ឌិត Zhao Shulan និងក្រុមការងារ ដែលបានអញ្ជើញមកដល់ទីស្នាក់អង្គភាព Fresh News និងបានរៀបរាប់ពីប្រវត្តិនៃការបង្កើតអង្គភាពព័ត៌មាន Fresh News ដែលមកដល់ពេលនេះមានអាយុកាល ១១ឆ្នាំហើយ មានបុគ្គលិកពីជាង ១០នាក់រហូតដល់ជាង ១៥០នាក់ ដែលធ្វើឱ្យ Fresh News ក្លាយជាបណ្តាញព័ត៌មានឈានមុខមួយនៅកម្ពុជា។

លោកអគ្គនាយក លឹម ជាវុត្ថា បានលើកឡើងអំពីកិច្ចសហប្រតិការយ៉ាងស្អិតរមួតរវាងបណ្តាញព័ត៌មាន Fresh News ជាមួយស្ថាប័នព័ត៌មានចិន រួមមាន ទីភ្នាក់ងារស៉ិនហួរ ស្ថាប័នព័ត៌មាន CGTN ហើយថ្មីៗនេះ ក្នុងដំណើរទស្សនិច្ចរបស់លោកប្រធានាធិបតី ស៉ី ជិនពីង មកកាន់កម្ពុជា Fresh News ទើបតែចុះអនុស្សារណៈយោគយល់គ្នាជាមួយ ស្ថាប័នព័ត៌មានដ៏ធំរបស់ចិន China Media Group (CMG)។

ក្នុងឱកាសនោះទាំងលោក លឹម ជាវុត្ថា និងលោក ម៉ា យ៉ារិទ្ធ សុទ្ធតែបានលើកឡើងពីភាពរីកចម្រើន និងសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យព័ត៌មានរវាងកម្ពុជា និងចិន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ លោកទាំងពីរ បានចែករំលែកនូវទស្សនៈមានដ៏អត្ថន័យ ឆ្លើយតបនឹងសំណួររបស់ប្រតិភូរបស់បណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ខេត្តយូណាន ក្នុងបរិយាកាសរីករាយ។

លោកស្រីបណ្ឌិត Zhao Shulan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអគ្គនាយក លឹម ជាវុត្ថា និងលោក ម៉ា យ៉ារិទ្ធ ដែលបានផ្តល់ឱកាលឱ្យលោកស្រី និងក្រុមការងារ ធ្វើកិច្ចសម្ភាសប្រកបដោយអត្ថន័យ និងមានសារសំខាន់យ៉ាងខ្លាំង ចំពោះការសិក្សាស្រាវជ្រាវ ស្តីអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យព័ត៌មានរវាងកម្ពុជា និងចិន។ លោកស្រីសង្ឃឹមថា លោកទាំងពីរនឹងផ្តល់ឱកាសបែបនេះ នៅពេលក្រោយៗទៀត៕