(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញទំនុកចិត្តថា ទីម័រឡេស្តេ នឹងអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។
សម្តេចតេជោ បង្ហាញទំនុកចិត្តបែបនេះក្នុងឱកាសលោក ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានប្រធានាធិបតី ក្នុងកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ។
នាពេលនោះ សម្តេចតេជោ បានរំលេចអំពីការខិតខំប្រឹងប្រែង ពិសេសពីជំហររបស់កម្ពុជាក្នុងការគាំទ្រទីម័រ ដើម្បីឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយសម្តេចបានរំលេចដោយប្រៀបធៀបស្ថានភាពទីម័រ នាពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជាមុនពេលចូលអាស៊ាន នៅឆ្នាំ១៩៩៩ គឺជាផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតែ ២៨១ដុល្លារទេ ប៉ុន្តែស្ថានភាពទីម័របច្ចុប្បន្នផលិតផលក្នុងស្រុកសរុប មានរហូតដល់ ១៤៥៣ដុល្លារ ដែលបើប្រៀបធៀបកម្ពុជា និងទីម័របច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់។ សម្តេចតេជោ បានលើកឡើងថា វាសក្តិសមណាស់ដែលស្ថានភាពពេលនេះ ដែលទីម័រអាចចូលជាសមាជិកពេញសិទ្ធិអាស៊ានបាន។
ប្រធានាធិបតី ទីម័រឡេស្តេ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅទីម័រ ឡេស្តេ។ លោកក៏បានរំលឹកថា កម្ពុជាគឺជាមិត្តដ៏អស្ចារ្យរបស់ទីម័រ ឡេស្តេ ហើយលោកក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានខំប្រឹងប្រែងជួយជ្រោមជ្រែងទីម័រឡេស្តេ កន្លងមក ដែលរួមចំណែកឲ្យទីម័រឡេស្តេ អាចក្លាយទៅជាសមាជិកអង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន និងការបន្តជួយជ្រោមជ្រែងដើម្បីឲ្យទីម័រ ឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានអរគុណចំពោះរដ្ឋាភិបាលទីម័រឡេស្តេ ហើយក៏អរគុណចំពោះលោកប្រធានាធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ចំពោះសម្តេច និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ទីម័រ ឡេស្តេ ជាថ្មីម្តងទៀត នៅពេលនេះ ដែលសម្តេចរំលឹកថា កាលពីឆ្នាំ២០១៦ សម្តេចបានមកទីម័រឡេស្តេ ម្តងហើយ ហើយសម្តេចក៏បានកត់សម្គាល់ភាពរីកចម្រើនរបស់ទីម័រឡេស្តេ ផងដែរ។ សម្តេចតេជោ ក៏បាននាំយកព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រធានាធិបតីទីម័រ ឡេស្តេ ផងដែរ។
នៅក្នុងជំនួបនោះ សម្តេចតេជោ ក៏បានបង្ហាញនូវក្តីរំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យពីសំណាក់ភាគីទីម័រ ឡេស្តេ ចំពោះសម្តេច និងគណៈប្រតិភូ នៅពេលនេះ។ សម្តេចបានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់ដ៏អស្ចារ្យបែបនេះ មិនអាចធ្វើទៅបានឡើយប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំល្អប្រសើរនោះទេ ហើយសម្តេចបានរំលឹកបន្ថែមអំពីការពង្រីកនូវចំណងមិត្តភាពរវាងកម្ពុជា និងទីម័រឡេស្តេ បន្តទៀត ទន្ទឹមនឹងកម្ពុជានិងទីម័រ នៅពេលនេះ បានបង្កើតនូវទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា អស់ប្រមាណជា ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២ ហើយទំនាក់ទំនងនេះ សម្តេចតេជោ សង្ឃឹមថា ភាគីទាំងពីរនឹងរួមគ្នាពង្រីកបន្ថែមទៀត។
លោកប្រធានាធិបតីទីម័រ ឡេស្តេ ក៏បានថ្លែងថា ប្រជាជន និងរដ្ឋាភិបាលទីម័រ ក៏ដូចជាលោកផ្ទាល់ មានកិត្តិយសដ៏ឧត្តុង្គឧត្តម ក៏ដូចជាមានមោទនភាពដែលបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងគណៈប្រតិភូ ដែលអញ្ជើញមកកាន់ទីម័រ។
លោកបញ្ជាក់ថា ទីម័រឡេស្តេ ជាមិត្តដ៏ល្អ និងអស្ចារ្យរបស់កម្ពុជា ហើយទន្ទឹមនេះ លោកបានសរសើរពីឥស្សរភាពរបស់សម្តេចតេជោ ដែលលោកចាត់ទុកសម្តេចតេជោ ជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី បានរំលេចពីពលីកម្មរបស់សម្តេចតេជោ ក្នុងបុព្វហេតុដើម្បីកម្ពុជា ដោយលោកបានហៅសម្តេចតេជោថា ជាអ្នករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាស្ថាបនិកកម្ពុជា នៅក្នុងសម័យទំនើប។ ដូច្នេះ វាជាកិត្តិយស ដែលលោកផ្ទាល់ ប្រជាជន និងរដ្ឋាភិបាលទីម័រ ទទួលគារវកិច្ចចំពោះសម្តេចតេជោ នៅក្នុងឱកាសនេះ។
លោកប្រធានាធិបតី ក៏បានរំលឹកពីការដឹងគុណជាថ្មីម្តងទៀតដែលបានជួយជ្រោមជ្រែងទីម័រ ហើយសង្ឃឹមថាទីម័រនឹងអាចក្លាយជាសមាជិកអាស៊ានពេញសិទ្ធិក្នុងពេលខាងមុខដ៏ឆាប់។ នាពេលនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងពិភពលោក ដែលកំពុងកើតមានឡើងផងដែរ។ ប៉ុន្តែជាចុងក្រោយ សម្តេចតេជោ បាននាំយកការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ចំពោះលោកប្រធានាធិបតីទីម័រ ឡេស្តេ ទៅទស្សនកិច្ចនៅកម្ពុជា នៅពេលសមស្របណាមួយ៕