(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ» ក្រោមអធិបតីភាពលោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក សេង សក្ដា រដ្ឋលេខាធិការ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទុន សុភណ្ឌ អ្នកសម្របសម្រួលអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា លោក ប្រាយអាន ហ្វរណារី ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក បេនចាមីន ហាកឃីន អ្នកជំនាញបច្ចេកទេសនៃអង្គការអន្តរជាតិខាងការងារប្រចាំទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងលោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គការវិជ្ជាជីវៈ តំណាងនិយោជក និងភាគីកម្មករនិយោជិត តំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។
នាឱកាសនោះដែរ លោកលេខាធិការ ហ៊ូ វុឌ្ឍី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់អង្គការ ILO កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពី ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ ដែលបានសហការរៀបចំដំណើរការកិច្ចប្រជុំ។
លោកលេខាធិការ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ជាពិសេសការអនុវត្ត គម្រោងនេះនៅកម្ពុជា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ទេសន្តរប្រវេសន៍ការងារដែលមិនមានសុវត្ថិភាព និងផលវិបាកនានា ដែលត្រូវពង្រឹងបន្ថែម ការលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ការទទួលបានការងារសមរម្យ សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងផលិតជលផល និងអាហារសមុទ្រ ក៏ដូចជាការងារខាងផ្នែកនេសាទ ឱ្យមានលក្ខខណ្ឌការងារសមរម្យ និងរក្សាបាននិរន្តរភាពផលិតកម្មខាងនេសាទ រួមទាំងផលិតផលនេសាទបឋម និងការងារនៅក្រោយពេលធ្វើការកែច្នៃ។
សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងឆ្នាំ២០២៤ និងពិនិត្យពិភាក្សាលើការរៀបចំ ផែនការការងារ សម្រាប់អនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដើម្បីទទួលបានការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨៕