(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ នាំយកនូវថវិកាចំនួន ១២០.០០០.០០០ រៀល ប្រគល់ជូនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកាសម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។
ថវិកាចំនួន ១២០.០០០.០០០ រៀល ដែលសមាគមសិល្បករខ្មែរ បានប្រគល់ជូនកាកបាទក្រហមកម្ពុជានោះ គឺបានកើតឡើងពីការរួមចំណែកបរិច្ចាគ ដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាកិត្តិយស សមាជិកសមាជិកា និងថវិការបស់សមាគមសិល្បករខ្មែរផ្ទាល់។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ជូនកាកបាទក្រហមកម្ពុជាពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាកិត្តិយស សមាជិកសមាជិកាទាំងអស់ ដែលនេះជាស្មារតីនៃការរួមចំណែកជួយសង្គមកម្ពុជា ពិសេសក្នុងបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ៕