(ឥណ្ឌូណេស៊ី)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនូវែលសេឡង់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលសេឡង់ នៅទីក្រុងអូកក្លិន និងវែលលីងតុនពីថ្ងៃទី១២ ដល់ ១៤ ខែឧសភា ឆ្នាំ២០២៥។

អគ្គលេខាធិការអាស៊ាន គ្រោងមានជំនួបជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗ រួមទាំងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ ព្រមទាំងបណ្តារដ្ឋមន្ត្រីមួយចំនួនទៀតនៃរដ្ឋាភិបាលនូវែលសេឡង់ សមាជិកសភា សហគមន៍ធុរកិច្ច និងវិស័យឯកជន វិស័យសិក្សាធិការ យុវជន និងនិស្សិត ជាដើម។

នៅក្នុងរយៈពេលស្នាក់នៅទីក្រុងអូកក្លិន បណ្ឌិត កៅ គឹមហួន នឹងអញ្ជើញផ្តល់បាឋកថា ដល់ក្រុមនិស្សិត និងគណៈសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យអូកក្លិន (University of Auckland) ដើម្បីជម្រាបជូនពីសាច់រឿងរបស់អាស៊ាន ព្រមទាំង លើកកម្ពស់ការទូតអាស៊ាន និងភាពមើលឃើញកាន់តែច្បាស់អំពីអាស៊ាន។

បន្ថែមលើនេះ អគ្គលេខាធិការអាស៊ាន ក៏នឹងជួបជាមួយគណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុងវែលលីងតុន ផងដែរ។ ទស្សនកិច្ចការងារនេះ គឺជាបេសកកម្មមួយ សំដៅពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងអាស៊ាន និងនូវែលសេឡង់ ជាពិសេស ស្របពេលដែលអាស៊ាន និងនូវែលសេឡង់ប្រារព្វខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំនេះ៕