(ភ្នំពេញ)៖ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឲ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការអនុវត្តគម្រោងនាពេលកន្លងមកឃើញថា បើទោះបីជាថ្មីៗនេះ មានករណីភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឲ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម) ក្តីក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត នៃក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីប្រសិទ្ធភាព នៃការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។

តាមរយៈលទ្ធផលជាវិជ្ជមាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅលើប្រឡាយ និងអាងស្តុកទឹកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (តំបន់អនុវត្តគម្រោង) ហើយដែលបានយល់ព្រមទទួលយកការដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញ ចំនួន៧១៥គ្រួសារ (នៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ) សំដៅរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ។

ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោង ឲ្យសម្រេចបានលទ្ធផល១០០% តាមការគ្រោងទុកឲ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕