(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយលោក ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ថ្លែងទៅកាន់អង្គពិធី រដ្ឋមន្ត្រី​ បានសម្តែងក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានតែងតាំងរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ។​ រដ្ឋមន្ត្រី​បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញចលនាគាំទ្រឱ្យមានភាពសកម្មបន្ថែមទៀត​នូវការងារមនុស្សធម៌ជួយបងប្អូនដែលជួបទុក្ខលំបាក​ ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសដ៏វិសេសវិសាលនេះ​ រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យសម្រេចបាន នាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ភ្លេីងឆេះនិងបញ្ហាប្រឈមផ្សេងៗទៀត​។

បើតាមរដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជានឹងមិនទុកនរណាម្នាក់ចោលឡើយ​ និងបានដាក់ពង្រាយដល់គ្រប់ភូមិ-ឃុំ​ទូទាំងខេត្ត ដែលជាសរសៃឈាម​ ភ្នែភ​ ស្តែងចេញជាសកម្មភាពជួយប្រជាពលរដ្ឋបានទាន់ពេលវេលា​។

ជាទីបញ្ចប់រដ្ឋមន្រ្តី បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃដល់សមាជិក​ សមាជិកាសប្បុរសជនទាំងអស់​ដែលបានចូលរួមយ៉ាងច្រើនអនេក​ និងបានអំពាវនាវឱ្យបន្តជួយគាំទ្រតទៅមុខបន្ថែមទៀតតាមលទ្ធភាព​ និងទឹកចិត្ត​ សំដៅជួយដល់ជនរងគ្រោះ​ និងជនងាយរងគ្រោះ​ប្រកបដោយបរិយាបន្ន​ និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ​ សុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕