(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០៥នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រចាំខែជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មានចំនួន ៣០៣នាក់ ជាប្រចាំខែដែលមានការលំបាកក្នុងជីវភាពស្ថិតក្នុងក្របខណ្ឌកម្មវិធីគាំពារមន្ត្រីរាជការ។ អំណោយទាំងនេះរួមមានអង្ករទម្ងន់២០គីឡូក្រាម និងត្រីខកំប៉ុង ១យួរ។

ចាប់តាំងពីដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានយកចិត្តទុកដាក់និងគិតគូរពីជីវភាពរបស់មន្ត្រីដោយខិតខំកៀរគររកជំនួយផ្សេងៗ ដើម្បីឧបត្ថម្ភជាប្រចាំខែនូវអង្ករ និងត្រីខកំប៉ុងជូនដល់មន្ត្រីដែលមានការលំបាកជីវភាពដោយក្នុងមួយខែៗផ្តល់ជូនរបបអង្ករដល់មន្ត្រីប្រមាណ ៣០០នាក់។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់រាជការក្រោមឱវាទនៅគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេសជាមួយនឹងកិច្ចការងារមនុស្សធម៌នេះ លោករដ្ឋមន្ត្រី បានខិតខំព្យាយាមស្វែងរកអំណោយផ្សេងៗ ពីសំណាក់បណ្តាសប្បុរសជននានាដើម្បីបរិច្ចាគនូវធនធានផ្ទាល់ចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងការសម្រួលដោះស្រាយការលំបាកដល់មន្ត្រីរាជការដែលមានជីវភាពខ្វះខាត និងសំដៅធ្វើយ៉ាងណាឱ្យមន្ត្រីទទួលបានភាពកក់ក្តៅ ចូលរួមបំពេញការងារបានដោយរលូនជូនក្រសួងព័ត៌មាន ក៏ដូចជាការចូលរួមបម្រើជាតិមាតុភូមិកម្ពុជា ក្រោមម្លប់នៃដំបូលសុខសន្តិភាព។

ក្នុងនាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន, លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាសប្បុរសជននានា ដែលបានឧបត្តម្ភអំណោយជាអង្ករ ត្រីខកំប៉ុង គ្រឿងឧបភោគ បិភោគ និងសម្ភារផ្សេងៗទៀ មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់មន្ត្រីរាជការក្រសួងព័ត៌មានក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីសាខាក្រសួងព័ត៌មាន បានជម្រាបជូនថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ការគាំពារដល់មន្ត្រីជាប្រចាំប្រមាណ ៣០០នាក់ ក្នុងមួយខែដោយបានផ្តល់គ្រឿង ឧបភោគបរិភោគរួមមានអង្ករ និងត្រីខ ដើម្បីជួយសម្រាលជីវភាព។

ជាមួយនេះ ក្រសួងព័ត៌មាន ក៏បានគិតគូរខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការ និងបងប្អូនអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងក្រុមគ្រួសារថែមទៀតផងដែរ៕