(សៀមរាប​)៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្ម នៅជុំវិញប្រាសាទបាយ័ន ដើម្បីទុកដាក់ឱ្យបានថ្មល្អប្រសើរ មានភាពងាយស្រួលក្នុងការដឹងប្រភេទថ្ម។

លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ក្រុមការងារបានអនុវត្តកិច្ចការនេះអស់រយៈពេលចូល៥ខែមកហើយ ដោយកំណត់យកតួអក្សរសម្រាប់តាង។ ចំពោះថ្មទាំងនេះ មានខ្លះជាបំណែកព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។

បុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់ឱ្យបានល្អនេះ នឹងត្រូវយកទៅរក្សាទុកនៅបរិវេណប្រាសាទបាភួន។ ចំណែកបំណែកថ្មខ្លះដូចជាកំពូល ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។

លោក តារា សង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួលក្នុងការយកមកប្រើប្រាស់ ឬជួសជុលប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនាពេលអនាគត៕