(សៀមរាប)៖ ដំណើរការរយៈពេល៣ថ្ងៃកន្លងមក វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ដែលបានរៀបចំឡើង នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ដោយជោគជ័យហើយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។
សិក្ខាកាមចំនួន៣០រូប ដែលជាមន្ត្រី បុគ្គលិកបច្ចេកទេសមកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋាន ពាក់ព័ន្ធផ្សេងៗទៀត នៃអាជ្ញាធរជាតិអប្សរា បានចូលរួមសិក្សាយ៉ាងយកចិត្តទុកដាក់ ចំពោះវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីទទួលយកចំណេះដឹងទាំងនេះ ជាប្រយោជន៍ក្នុងការសរសេររបាយការណ៍បច្ចេកទេសសម្រាប់អង្គភាពរបស់ខ្លួន។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែម ដល់មន្ត្រី បច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ពិសេសមន្ត្រីនិងបុគ្គលិក ដែលទទួលភារកិច្ចលើផ្នែកជួសជុល អភិរក្ស និងការរៀបចំឯកសារ (documentation) ការសរសេររបាយការណ៍ការងារបច្ចេកទេស ឱ្យបានយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ស្តីពីគោលការណ៍ណែនាំ វិធីសាស្ត្រ ក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌ ការងារថែទាំ ជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌ អាចកំណត់សម្គាល់កម្រិតហានិភ័យ និងអាចផ្តល់ជាព័ត៌មានដ៏សំខាន់ទាំងឡាយ ចំពោះការបម្រែបម្រួលនៃស្ថានភាពប្រាសាទ ដល់អ្នកជំនាញ ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។
ទាំងអស់នេះជាព័ត៌មានដ៏សំខាន់មួយ ទុកជាទិន្នន័យសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រី-បុគ្គលិកបន្តវេន ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ-សាស្ត្រអង្គរប្រកបដោយចីរភាព និងប្រសិទ្ធភាព៕