(ទីម័រឡេស្តេ)៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ​ប្រទេស​​ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយសដ៏ខ្ពង់ខ្ពស់នោះ នៅរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ​ដល់​ប្រទេស​ទីម័រឡេស្តេ ប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វា​គមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រី​ជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូត​របស់​កម្ពុជា។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ឡា សាណា​ណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្ត។

ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និង​ផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបប​ប្រល័យ​ពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុល​ភាព» នៅវិមានប្រធានាធិបតី។

ការថ្លែងបាឋកថានេះ នឹងមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។

សូមបញ្ជាក់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះ លោក ប្រធានាធិបតី​ទី​ម័រ​ឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕