(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់បឋកថាថ្មីមួយទៀតស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា»។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ Prabowo Subianto បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចបាននូវគោលដៅរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងសម័យមួយដែលពោរពេញដោយសង្គ្រាម និងភាពដ៏លំបាកបំផុតក្នុងការស្វែងរកសន្តិភាពនោះ ប្រទេសកម្ពុជា បានក្លាយជាគំរូដ៏កម្រ និងជាបទពិសោធន៍សំខាន់មួយនៃការរួបរួមជាតិ និងការសាងសង់សន្តិភាពប្រកបដោយចីរភាព។ មរតកសន្តិភាព ក្រោមយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែជាអត្តសញ្ញាណនៃការធ្វើឱ្យកម្ពុជា ស្ទុះងើបឡើងវិញ និងជួយធ្វើឱ្យប្រទេសដ៏កំសត់នេះ បានរះឡើងក្នុងភាពដ៏ត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពន្លឺសង្ឃឹមសម្រាប់ប្រទេសផ្សេងៗ ដែលកំពុងពាក់ព័ន្ធនឹងសង្គ្រាមយូរឆ្នាំនោះផងដែរ។

ក្នុងអំឡុងសុន្ទរកថារបស់សម្តេចនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃជាប់គ្នាកន្លងមកនេះ ទាំងនៅលេខាធិការដ្ឋាន ASEAN និងនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា, សម្ដេចតេជោ ហ៊ុន សែន បានពិពណ៌នាអំពីដំណើរការដ៏លំបាករបស់កម្ពុជា ដែលឆ្លងកាត់សង្គ្រាម និងសោកនាដកម្មនានា រហូតបានក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ជាពិសេសរយៈពេល២៦ឆ្នាំចុងក្រោយនេះ ដែលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិកសាងវឌ្ឍនភាពជាតិជាច្រើនគួរជាទីមោទនៈ។ សារនៃមរតកសន្តិភាពរបស់សម្តេចតេជោ បានបន្លឺខ្ទរខ្ទារទៅកាន់ប្រទេសក្នុងតំបន់និងពិភពលោក ដោយផ្តល់នូវមេរៀនដ៏មានតម្លៃដល់សហគមន៍ជាសកល ជាពិសេសទៅកាន់បណ្តាប្រទេសទាំងឡាយ ដែលនៅតែជាប់ក្នុងវដ្តនៃអំពើហិង្សា និងការបែកបាក់គ្នា។

* តើអតីតកាលងងឹតរបស់កម្ពុជា ចាប់ផ្តើមតាំងពីពេលណា?

កម្ពុជា មានប្រវត្តិបែកបាក់ទឹកដី និងការឈ្លោះប្រកែកគ្នាដ៏យូរលង់មកហើយ។ ប៉ុន្តែក្នុងប្រវត្តិសាស្ត្រទំនើបដែលជាប់ពាក់ព័ន្ធនឹងស្នាដៃតស៊ូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានគេចាប់ផ្តើមបើកពីទំព័រក្រោយរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០។

សម្តេចតេជោ បានថ្លែងក្នុងសុន្ទរកថាប្រាប់អ្នកចូលរួមទាំងឡាយក្នុងពេលនោះថា៖ «ចំណុចចាប់ផ្ដើមនៃសោកនាដកម្មរបស់កម្ពុជា គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០, ហើយពេលនោះខ្ញុំ និងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែសុបិន្តនៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម, ក្រោមការគ្រប់គ្រងដោយមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចឱ្យរាបសូន្យ ហើយត្រឹមតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់»។

គឺរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះហើយ បានបើកទ្វារឲ្យសង្គ្រាមចូលមកក្នុងប្រទេស និងបង្កើតជាវិនាសកម្មប្រល័យពូជសាសន៍នៃរបបកាប់សម្លាប់ខ្មែរក្រហម ដែលជាយុគសម័យដ៏ខ្មៅងងឹតបំផុតរបស់សង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះគឺជាមេបញ្ជាការកងវរសេនាធំ គ្រប់គ្រងបញ្ជាលើកងទ័ពជាង ២០០០នាក់ បានសម្រេចចិត្តចាកចេញទៅប្រទេសវៀតណាម ផ្សងព្រេងប្រថុយជីវិតជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ជម្រើសតស៊ូ ដើម្បីរំដោះជាតិ ទីបំផុតបានទទួលជោគជ័យ។

ជ័យជម្នះ ៧ មករា ១៩៧៩ ដែលចូលរួមពីក្រុមតស៊ូខ្មែរដទៃទៀត ជាមួយនឹងកិច្ចសហការពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម គឺជាថ្ងៃរំដោះជាតិរបស់កម្ពុជា។ ទោះយ៉ាងណាការរំដោះពេលនោះ មិនមានន័យស្មើនឹងសន្តិភាពទេ។ សហគមន៍អន្តរជាតិ ដោយសារតែមហិច្ឆតានយោបាយ បានប្រើលេសចោទថាវៀតណាមបានឈ្លានពានកម្ពុជា និងបន្តការដាក់ទណ្ឌកម្ម១២ឆ្នាំ ដោយបន្តុបរបបកម្ពុជាប្រជាធិបតេយ្យដែលមានបាតដៃប្រឡាក់ឈាមខ្មែរជាងបីលាននាក់ ឱ្យកាន់កាប់អសនៈស្របច្បាប់នៅអង្គការសហប្រ ជាជាតិ។

ក្នុងអំឡុងពេលនៃក្តីអស់សង្ឃឹមនោះ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបត្យករដ៏សំខាន់នៃអនាគតរបស់កម្ពុជា។ ក្នុងអាយុ២៧ឆ្នាំ លោកបានក្លាយជារដ្ឋមន្ត្រីការបរទេស និងអាយុ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី នៃអតីតរបបគ្រប់គ្រងក្រុងភ្នំពេញ ដែលសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខដឹកនាំវ័យក្មេងរូបនោះ បានពុះពារឧបសគ្គធំៗជាមួយការដាក់ចេញនូវគោលនយោបាយដោះស្រាយជម្លោះតាមរយៈការចរចា។ តាមរយៈនោះជំនួបចរចា «សីហនុ & ហ៊ុន សែន» លើកដំបូងនៅ Fère-en-Tardenois ក្នុងប្រទេសបារាំង បានកើតឡើង ដែលជំនួបនោះបានបើកផ្លូវដល់ដំណើរការចរចានានាទាំងឡាយ និងឈានឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយចុងក្រោយ ដែលជា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា៖ «មុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងបានខិតខំធ្វើការងារស្នូល ដែលជាមូលដ្ឋានគ្រឹះ និងចម្បងមិនអាចខ្វះបាន ។ ពិតណាស់ថា ប្រទេសជាច្រើនបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់កម្ពុជាពេញទំហឹងដល់ដំណើរការចរចា ដែលមានរយៈពេលជិត៤ឆ្នាំ ។ ជាឧទាហរណ៍ បារាំងនិងឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ខណៈដែលកិច្ចពិភាក្សាជាច្រើនរបស់យើងត្រូវបានរៀបចំនៅទីនោះ។ រីឯអូស្ត្រាលីវិញ ជំរុញគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងការដាក់កម្ពុជាជាបណ្តោះអាសន្នក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាល។ ចំណែកបារាំងនិងជប៉ុន ខណៈពេលរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាព បានគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ និងអភិវឌ្ឍន៍របស់កម្ពុជា។ ដូចគ្នានេះដែរ ថៃបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះ និងគាំទ្រការបញ្ជូនជនភៀសខ្លួនកម្ពុជាជាង ៣៧០,០០០នាក់ត្រឡប់មកកម្ពុជាវិញ។ ចំណែកវៀតណាម ការដកកងទ័ពរបស់ពួកគេទាំងស្រុងនៅឆ្នាំ១៩៨៩ ក៏បានដោះស្រាយការជាប់គាំងលើការចរចា ទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម និងវត្តមានរបស់កងទ័ពបរទេសផងដែរ»

* នយោបាយឈ្នះ-ឈ្នះ មាគ៌ាកម្ពុជាឆ្ពោះទៅរកសន្តិភាព

អ្វីដែលធ្វើឱ្យដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជា ខុសប្លែកពីអ្វីផ្សេងទៀតនោះគឺយុទ្ធសាស្ត្រ DIFID នៃ «នយោបាយឈ្នះឈ្នះ» ដែលជាគំនិតច្នៃប្រឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញអនុវត្តនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ វិធីសាស្រ្តនេះមិនមែនគ្រាន់តែអំពីការកម្ចាត់មារសត្រូវនោះទេ ប៉ុន្តែអំពីការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមទាំងឡាយចូលក្នុងសង្គមជាតិ ការរួបរួមគ្នានិងបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ដែលជានយោបាយដ៏អច្ឆរិយៈបំផុតរបស់ខ្មែរក្នុងចុងសតវត្សរ៍ទី២០។ «នយោបាយឈ្នះឈ្នះ» បានធ្វើឱ្យទឹកដីបែកបាក់របស់កម្ពុជា ដែលមិនអាចបង្រួបបង្រួមបានសោះក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនោះ ស្រាប់តែក្លាយជាទឹកដីឯកភាពជាតិទាំងស្រុង។

តាមរយៈនយោបាយឈ្នះឈ្នះ, អណ្តាតភ្លើងនៃសង្រ្គាមដែលបានលេបត្របាក់ប្រទេសជាតិអស់រយៈពេលជិត៣០ឆ្នាំ នៅទីបំផុតត្រូវបានពន្លត់ ហើយជំពូកថ្មីនៃសន្តិភាព និងការអភិវឌ្ឍក៏បានចាប់ផ្តើមតាំងពីពេលនោះមកដែរ។

* តួនាទីរបស់ឥណ្ឌូនេស៊ី និងការគាំទ្ររបស់អាស៊ាន

ក្នុងដំណើរឆ្ពោះទៅរកសន្តិភាព, ការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងហ្សាកាតាដែលគេស្គាល់ថា (JIM 1 និង JIM 2) គឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់យ៉ាងខ្ជាប់ខ្ជួននូវតួនាទីសំខាន់របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការជួយកម្ពុជាឆ្ពោះទៅរកសន្តិភាព ដោយបង្ហាញពីអំណាចនៃសាមគ្គីភាពក្នុងតំបន់ក្នុងការដោះស្រាយជម្លោះ។ ជាសក្ខីកម្មក្នុងការបញ្ជាក់ជាថ្មីនៃចំណងមិត្តភាពរវាងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងកម្ពុជាប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានគូសបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តចំពោះគោលដៅសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។

លោក Prabowo Subianto បានថ្លែងថាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចបាននូវគោលដៅរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងជំនួបជាមួយសម្តេចតេជោ នៅវិមាន Merdeka ក្នុងទីក្រុងហ្សាកាតា ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងបង្ហាញក្តីទុកចិត្ត និងជឿជាក់ថា «ការយល់ដឹងដ៏ទូលំទូលាយរបស់សម្ដេច (ហ៊ុន សែន) អាចជំរុញការងាររួមរបស់យើងឆ្ពោះទៅរកការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»

* គំរូសម្រាប់ពិភពលោក

បាឋកថារបស់សម្តេចតេជោ ហ៊ុន សែន បានរំលេចថា ខណៈពេលដែលប្រវត្តិសាស្ត្រ និងបរិបទរបស់ប្រទេសនីមួយៗ មានលក្ខណៈប្លែកពីគ្នា ដូច្នេះគោលការណ៍ដែលកម្ពុជាទទួលបានជោគជ័យក្នុងការស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ មិនប្រាកដថានឹងត្រូវបានអនុវត្តសមប្រាថ្នា ក្នុងប្រទេសទាំងឡាយនោះឡើយ។ សម្តេចតេជោបានបញ្ជាក់ថា «ប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ អាចខុសគ្នា ហើយពេលខ្លះ បទពិសោធន៍របស់កម្ពុជា អាចនឹងលំបាកនឹងអនុវត្តក្នុងបរិបទរបស់ប្រទេសផ្សេង ប៉ុន្តែ សម្តេចជឿជាក់ថា គោលគំនិតរួមនៃ «នយោបាយឈ្នះឈ្នះ» ពិតជាមានតម្លៃ ក្នុងការផ្តល់ធាតុចូលជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាព ដែលមានលក្ខណៈយូរអង្វែង និងមានបរិយាប័ន្ន»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ពិតណាស់ថា បទពិសោធន៍, បរិបទ និងស្ថាបនភាពនយោបាយ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗអាចខុសគ្នា ហើយពេលខ្លះបទពិសោធន៍របស់កម្ពុជា អាចនឹងលំបាកនឹងអនុវត្តក្នុងបរិបទរបស់ប្រទេសផ្សេង ប៉ុន្តែខ្ញុំជឿជាក់ថា គោលគំនិតរួមនៃ «នយោបាយឈ្នះឈ្នះ» ពិតជាមានតម្លៃ ក្នុងការផ្តល់ធាតុចូលជាមូលដ្ឋានគ្រឹះ នៃការកសាងសន្តិភាព ដែលមានលក្ខណៈយូរអង្វែង និងមានបរិយាប័ន្ន»

*តារារះ លើឆាកសកល

ខណៈដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរការពិតនៃភូមិសាស្ត្រនយោបាយនេះ មរតកសន្តិភាពដែលកម្ពុជារកបានដោយលំបាកតាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា គឺជានិមិត្តរូបដ៏មានឥទ្ធិពលមួយ។

បាឋកថារបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌូនេស៊ី គឺជាសាររំលឹកមួយប្រាប់ទៅប្រទេសក្នុងតំបន់និងពិភពលោកថា សន្តិភាពពិតជាមានតម្លៃបំផុតមិនអាចកាត់ថ្លៃបានឡើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ក្នុងសុន្ទរកថា អំពាវនាវការរួមគ្នាការពារសន្តិភាព ដែលមានស្រាប់ជាជាងស្វែងរក ឬកសាងសន្តិភាពដែលបាត់បង់។ សម្តេចតេជោ បានគូសបញ្ជាក់ថា «បើគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យថា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ នោះឡើយ»