(ឧត្តរមានជ័យ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារផ្តល់ឈាមមួយខ្នង ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
គម្រោងសាងសង់អគារផ្តល់ឈាមដ៏ទំនើបនេះ គឺជាការឆ្លើយតបដ៏ចាំបាច់ចំពោះតម្រូវការឈាមដែលកំពុងកើនឡើងនៅក្នុងខេត្តឧត្តរមានជ័យ និងតំបន់ជុំវិញ។ អគារថ្មីនេះមានទទឹង ៨ម៉ែត្រ និងបណ្តោយ ១៦ម៉ែត្រ និងបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងមានលំហរគ្រប់គ្រាន់សម្រាប់ការបរិច្ចាគ ការស្តុកទុក និងការវិភាគឈាមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
អគារផ្តល់ឈាមថ្មីនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅក្នុងខេត្តឧត្តរមានជ័យ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់អ្នកជំងឺដែលត្រូវការឈាម ជាពិសេសក្នុងករណីសង្គ្រោះបន្ទាន់ និងការវះកាត់ផ្សេងៗ។សមិទ្ធផលថ្មីមួយនេះ នឹងលេចចេញជារូបរាងនាពេលដ៏ខ្លីខាងមុខនឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យផងដែរ៕