(កំពង់ស្ពឺ)៖ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ និងជាតំណាង សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាអធិបតីភាពក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកំពង់ស្ពឺ។

ពិធិនេះ ប្រារព្ធនៅពុទ្ធិកអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានសមាសភាពនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះកោសលសត្ថា កែវ ចន្ថា ព្រះរាជាគណៈកិត្តិយស ព្រះមុនីសត្ថាចារ្យកោសល ព្រះមេគណខេត្តកំពង់ស្ពឺ, ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ មន្ត្រីសង្ឃ សមណសិស្ស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត មន្ទីជំវិញខេត្ត អភិបាលក្រុង-ស្រុក និងសប្បុរសជនសរុបប្រម៉ាណចំនួន ១២៩៩អង្គ-នាក់។

ការបវេសនកាលពុទ្ធិកសិក្សានេះ ក្នុងគោលបំណងពង្រឹងវិស័យដើម្បីឲ្យព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ជាពិសេសក្នុងការរីកចម្រើនផ្លូវចិត្ត និងសីលធម៌ ព្រះពុទ្ធសាសនាជាប្រភពនៃការបំភ្លឺផ្លូវចិត្ត ដោយបង្រៀនអំពីសច្ចៈទាំងបួន (អរិយសច្ចៈ) ដើម្បីជួយមនុស្សឱ្យរួចចាកទុក្ខ និងរកឃើញសន្តិភាពខាងក្នុង។

ព្រះពុទ្ធសាសនា បង្រៀនអំពីការប្រព្រឹត្តល្អ ដូចជាការគោរពសីល៥ សីល៨ ឬសីលព្រះភិក្ខុ និងសាមណេរ ដើម្បីអភិវឌ្ឍជីវិតដោយសុភមង្គល។ ព្រះពុទ្ធសាសនាលើកកម្ពស់គុណធម៌ដូចជាមេត្តា ករុណា សេចក្តីអត់ធ្មត់ និងការចែករំលែក ដែលជាគ្រឹះនៃសង្គមដ៏ល្អ និងមានឥទ្ធិពលយ៉ាងធំទៅលើវប្បធម៌ អក្សរសាស្ត្រ សិល្បៈ និងប្រពៃណីនានា ជាពិសេសនៅប្រទេសកាន់ព្រះពុទ្ធសាសនា ក្នុងនោះបានបង្រៀនអំពីអហិង្សា ការលះបង់អារម្មណ៍អវិជ្ជមាន និងការរស់នៅដោយសុខសាន្ត ដែលអាចជួយដោះស្រាយជម្លោះក្នុងសង្គម។ 

ជាទូទៅ ព្រះសង្ឃជាច្រើនចូលរួមក្នុងសកម្មភាពសង្គម ដូចជាការបង្រៀន ការជួយអ្នកក្រីក្រ ការថែរក្សាសុខភាព និងការកសាងស្ថាប័នសាធារណៈ ថែមទាំងបានផ្តល់សេចក្តីសង្ឃឹម ការពិចារណា និងការព្យាបាលផ្លូវចិត្តដល់មនុស្សដែលមានការលំបាកក្នុងជីវិត ជារួមព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនាប៉ុណ្ណោះទេ គឺជាវិធីរស់នៅដែលជួយឱ្យមនុស្សរកឃើញសន្តិភាព សេចក្តីថ្លៃថ្នូរ និងភាពថ្លៃថ្នូរក្នុងសង្គម៕