(កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ចំនួន៤,២៨៣ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ពិធីនេះបានរៀបចំនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីធ្លារសាលាស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ក្រុមប្រឹក្សាខេត្ត, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត/ក្រុង/ស្រុក រួមទាំងប្រជាពលរដ្ឋសរុបជាច្រើនពាន់នាក់ផងដែរ។
នាឱកាសនោះ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ថ្ងៃនេះជាទិវាមួយប្រកបដោយនក្ខត្តឬក្ស ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី និងលោកបណ្ឌិតសភាចារ្យ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ឆ្នាំង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីប្រគល់វិញ្ញាបបណប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងជាង៤ពាន់ប័ណ្ណនាពេលនេះ។
ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្ត បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅប្រមុខថ្នាក់ដឹកនាំ ដែលបានធ្វើការប្ដេជ្ញាដោយឆន្ទៈមនសិការរួមសុខរួមទុក្ខ នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសឲ្យឈានទៅមុខជាជំហានៗ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ជូនជាតិមាតុភូមិក្នុង បុព្វហេតុកសាងនិងការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងការពាររាល់សមិទ្ធផលនៃសង្គមជាតិ ហើយកំពុងស្ថិតនៅក្នុងជំហានថ្មីដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
លោកបានបន្តថា ជាក់ស្ដែង ការប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជា៤ពាន់ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ច ការជាច្រើនរបស់រាជរដ្ឋាភិបាល ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កើនសុវត្ថិភាពលើការកាន់កាប់ក្នុងការប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលបងប្អូន យើងទទួលបាន។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំយកនូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខអំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយមនោសញ្ចេតនា នឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចទាំងពីរ។
លោកបណ្ឌិតសភាចារ្យ បានសម្ដែងនូវអំណរអរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលបានចាត់មន្ទីររៀបចំដែនដីខេត្ត និងមន្ត្រីរបស់ក្រសួងចុះយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ហើយបានបិទបញ្ចប់យុទ្ធនាការវាស់វែងប្រកបដោយភាពជោគជ័យ។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកថា ការប្រគល់បណ្ណកម្មសិទ្ធិ គឺជាការផ្ដល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ ដែលមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី សំដៅលើកស្ទួយកម្រិតជីវភាពរស់នៅកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ទទួលបាននៅសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ។
លោកបានប្រាប់ថា ប្រជាពលរដ្ឋអាចធ្វើការបង្កបង្កើតផលឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួន ដោយគ្មានការព្រួយបារម្ភហើយអាចប្រើប្រាស់ប័ណ្ណកម្ម សិទ្ធិដីធ្លីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួនផងដែរ៕