(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនឹងមន្រ្តីរាជការទូទាំងខេត្ត អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើស លើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាប បទល្មើសនេសាទបឹងទន្លេសាប ក្នុងនោះដែរមានកងពលតូចថ្មើរជើងលេខ ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យប្រចាំការផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាចុះសួសុខទុកកង និងនាំយកស្បៀងមានអង្ករ គ្រឿងឧបភោគ បរិភោគ រួមនឹងថវិកា ២៩លានរៀល ជូនដល់កម្លាំងដែលឈរជើងបង្ក្រាបបទល្មើស តំបន់ជុំវិញបឹងទន្លេសាប។
លោកបន្តថា ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានដឹកនាំកងកម្លាំងជាង៨០០នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុបច្បាប់ជុំវិញបឹងទន្លេសាបដូចភ្លៀងរលឹម និងបានរឹបអូសសម្ភារ នេសាទខុសច្បាប់ជាច្រើន ដុតបំផ្លាញចោល និងបានលែងត្រីចូលទន្លេវិញរាបសិបតោន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឱ្យអន្តរាយដល់ពូជត្រី និងសូមចូលរួមអភិរក្សពូជត្រីដែលមាននៅក្នុង តំបន់បឹងទន្លេសាបឱ្យបានគង់វង្ស និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំង បើមានបទល្មើសនេសាទខុសច្បាប់កើតមាន សូមរាយការណ៍មកកងកម្លាំង ដើម្បីចុះអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។
នាឱកាសនោះលោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះដល់កងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបបទល្មើសនេសាទនានានៅក្នុងផ្ទៃបឹងទន្លេសាប ដោយបានឆ្លងកាត់ឧបសគ្គ មិនថាជួបព្យុះភ្លៀង ក្តៅ រងាយ៉ាងក៏ដោយ ខិតខំបង្ក្រាបបទល្មើស ការពារមច្ឆាជាតិ និងធនធានជីវៈចម្រុះដែលមាន នៅក្នុងបឹងទន្លេសាប។
គួរំលឹកដែរថា កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia សម្តេចមហាបវរធិបតី បានថ្លែងព្រមានដល់ក្រុមជនល្មើសព្រៃឈើ និងនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ហើយចំពោះជនល្មើសប្រើហិង្សាលើកងកម្លាំង សម្តេចអនុញ្ញាតឱ្យកងកម្លាំងប្រើវិធានការការពារខ្លួនបាន ហើយសម្តេចជាអ្នកទទួលខុសត្រូវ៕