(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
បើតាមក្រសួងការងារ, ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមាន ជនរងគ្រោះសរុបចំនួន ៤២នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤២នាក់ (ស្រី ៣៦នាក់) ដោយរបួសធ្ងន់ចំនួន ៥នាក់ (ស្រី ៥នាក់) របួសស្រាលចំនួន ៣៦នាក់ (ស្រី ៣០នាក់) និងជនរងគ្រោះជាស្ត្រី បានស្លាប់ចំនួន១នាក់។
កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។
គិតត្រឹមវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែកសពជនរងគ្រោះចំនួន១នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕