(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំពិភាក្សាការងាររៀបចំពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ការលក់ដូរ ការរៀបចំពង្រីកផ្លូវ រៀបចំតុបតែងលម្អ និងសាងសង់សួនច្បារបន្ថែម រៀបចំចំណតរថយន្ត ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា បន្ទាប់ពីអនុវត្តគម្រោងសាងសង់កែលម្អក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដែលមានទីតាំងស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមកនេះ គឺមានការសាទរ ពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្តសប្បាយរីករាយជារៀងរាល់ថ្ងៃយ៉ាងច្រើនកុះករផងដែរ៕