(តាកែវ)៖ នៅក្នុងឱកាសចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដោះស្រាយបណ្ដឹងតវ៉ាខេត្តតាកែវ បានណែនាំអាជ្ញាធភូមិ ឃុំឱ្យពន្យល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងខេត្ត គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ខេត្ត ជាពិសេសបង្កើនជីវភាពការរស់នៅដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតទៀត។
អភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ននឹងនៅពេលខាងមុខនេះខេត្តតាកែវនឹងមានអ្នកវិនិយោគកាន់តែច្រើនឡើងចូលមកវិនិយោគនៅតាមបណ្ដាលក្រុង ស្រុក ព្រមទាំងមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅតាមតំបន់មួយចំនួន រួមនឹងនៅតាមតំបន់ព្រំដែនផងដែរ។ ដូច្នោះ គម្រោងទាំងអស់នេះពិតជាមានផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាប៉ះពាល់ដីធ្លី ឬការជីកកាយដីយកទៅចាក់ដីនៅទីតាំងធ្វើរោងចក្រ ដែលបញ្ហាទាំងអស់នេះគឺទាមទារឱ្យមានការពន្យល់ពីប្រជាពលរដ្ឋពីសំណាក់អាជ្ញាធមូលដ្ឋាន។
លោក វ៉ី សំណាង បានបន្តថា កន្លងមកក្រុមប្រឆាំងតែតែធ្វើការញុះញង់ដល់ប្រជាពលរដ្ឋ និងធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានពីគម្រោងភិវឌ្ឍន៍នៅតាមខេត្តមួយចំនួនថាមានផលប៉ះពាល់ដល់ដីធ្លីរដ្ឋ និងដីធ្លីប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ធាតុពិត គម្រោងអភិវឌ្ឍន៍ពង្រីកផ្លូវថ្នល់ ជីកប្រឡាយ បង្កើតរោងចក្រដោយអ្នកវិនិយោគទុនទាំងអស់នេះ គឺមានគោលដៅធ្វើឱ្យខេត្តរីកចម្រើន បង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យសេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារទ្វេឡើង។
លោក វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូយ៉ាងយកចឹត្តទុកដាក់ពីគម្រោងអភិវឌ្ឍន៍នានា ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយបានណែនាំ ដល់អាជ្ញាធខេត្តឱ្យបង្កើតគណកម្មាការដោះស្រាយនៅរាល់ពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ ដោយធានាឱ្យបាននៅគណេយ្យភាព និងតម្លាភាព ដើម្បឆ្លើយតបនៅកង្វល់ និងសំណើររបស់ប្រជាពលរដ្ឋដែលរង ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍៕