(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣គ្រួសារ នៅភូមិព្រៃម្ចាស់ ឃុំ សំឡី ស្រុកកំពង់រោទិ៍ និងបានចុះពិនិត្យមើលការជីកប្រឡាយផ្លូវទំនប់ថ្មីដែលទើបកសាងនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។
ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិក គណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារគណបក្សថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃ្មុំ និងថ្នាក់ភូមិ។
នៅឱកាសនោះលោកបណ្ឌិត សម តារា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ដែលសម្ដេចតែងតែនឹករលឹកមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងបងប្អូនទាំងអស់នៅទូទាំងខេត្តស្វាយរៀង។
លោកបណ្ឌិត សម តារា បានកោតសរសើរ និងអរគុណអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
លោកបណ្ឌិតបានបន្តថា ទន្ទឹមនឹងនេះ ភ្លឺប្រឡាយមេនឹងដើរតួជាផ្លូវគមនាគមន៍ដ៏មានសក្តានុពលសម្រាប់ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ការធ្វើចរាចរណ៍ក្នុងមូលដ្ឋាននិងទៅតំបន់ព្រំដែនកាន់តែងាយស្រួល រីឯប្រឡាយបានចូលរួមចំណែកសម្រាប់ស្រោចស្រប់ស្រូវរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹក។
ជាមួយគ្នានេះលោកបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ព្រមទាំងក្រុមការងារ និងអ្នកចូលរួម សរុបថវិកា ២,១០០,០០០រៀលផងដែរ។