(បាត់ដំបង)៖ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានចុះពិនិត្យការស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ ដែលមានប្រវែងសរុប ១៨,៤៦៦ម៉ែត្រ នៅដែលឆ្លងកាត់ចំនួន ៥ឃុំ ក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។

ក្នុងការចុះពិនិត្យខាងលើលោក ម៉ិល សុផល បានលើកឡើងថា ការស្ថាបនាផ្លូវនេះឡើងដោយផ្អែកតាមផែនការអភិវឌ្ឍឃុំ នៅក្នុងឆ្នាំ២០២៤ និងមានការគាំទ្រពីគម្រោងនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (ហៅកាត់ថា «គម្រោងសម្បត្តិ») បានធ្វើការអភិវឌ្ឍស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ មាន៣កំណាត់ ដែលមានប្រវែងសរុប ១៨.៤៦៦ម៉ែត្រ បានចាប់ផ្ដើមស្ថាបនាពីខែកក្កដា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅខែកក្កដាឆ្នាំ២០២៥ ខាងមុខនេះ។

នៅក្នុងគម្រោង ៣កំណាត់ខាងលើនេះមានដូចតទៅ៖

*ទី១៖ ផ្លូវបំបែកពីផ្លូវកៅស៊ូតាប៉ុន ភូមិសំរោងតាកុក ទៅភូមិសំរោងអូរទ្រា ទៅវត្តទួលអំពិល ស្ថិតក្នុងឃុំសំរោងក្នុង ទៅឃុំព្រែកខ្ពប ដែលមានប្រវែង ៦.១៧៧ម៉ែត្រ
*ទី២៖ ផ្លូវពីភូមិព្រែកនរិន្ទ ភូមិស្វាយជ្រុំ ភូមិព្រែកឆ្ដោរកើត ទល់ផ្លូវទំនប់អាងភាស ស្ថិតក្នុងឃុំព្រែកនរិន្ទ ទៅឃុំពាមឯក ដែលមានប្រវែង ១០.២៤១ម៉ែត្រ
*ទី៣៖ ពីស្ពានអូរស្ដីផ្លូវកៅស៊ូ ដល់មុខវត្តអូរកំបុរ ស្ថិតក្នុងឃុំព្រែកហ្លួង ដែលមានប្រវែង ២.០៤៨ម៉ែត្រ៕