(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ។

តាមរយៈសារលិខិតនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរនៃទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមបានប្រកបដោយសុខភាពល្អ បរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ស្ថិតក្នុងឱកាសប្រកបដោយនក្ខត្តឫក្សអធិកអធមថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវ ការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងសូមកោតសរសើរដ៏ជ្រាលជ្រៅ បំផុតចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបាន ធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បានរួមចំណែកធ្វើឱ្យប្រទេសជាតិមានការបង្រួបបង្រួម អធិបតេយ្យជាតិ ឯកភាពទឹកដីពេញលេញ សុខសន្តិភាពពេញបរិបូរណ៍ បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែង ការគោរពសិទ្ធិមនុស្ស សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម សុខុមាលភាពជាតិ ការកសាងប្រទេសជាតិចាប់ពីបាតដៃទទេរហូតដល់មាន ការអភិវឌ្ឍនិងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងភាពថ្កុំថ្កើនរុងរឿងសម្បូរសប្បាយ ជានិច្ចនិរន្តរ៍ តរៀងទៅ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួរស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់ប្រធានរដ្ឋសភាកម្ពុជា៖