(ពោធិ៍សាត់)៖ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញ ចុះពិនិត្យទីតាំងត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ឆាប់ៗខាងមុខ។
បើតាមលោក ហួន ស៊ីថា នាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យល័យតែមួយគត់ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដើមឡើយវិទ្យាល័យនេះ គឺជាអនុវិទ្យល័យប្រម៉ោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានផ្ទៃដីទំហំ ៨៨,៤០៤ម៉ែត្រការ៉េ និងមានអគារសិក្សាចំនួន១ខ្នង មាន៥បន្ទប់ និងបង្គន់អនាម័យ១ខ្នង ក្រោមជំនួយទ្រទ្រង់ពីធនាគារអភិវឌ្ឍន៍អាស៊ី )ADB)។
លោកនាយកបន្តថា ក្នុងឆ្នាំសិក្សា២០០៦- ២០០៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយកសាងអគារ១ខ្នងទៀត មាន៥បន្ទប់ និងបង្គន់អនាម័យ១ខ្នង ដើម្បីធានាបាននូវកំណើនសិស្សចុះឈ្មោះចូលរៀន។ អនុវិទ្យល័យប្រម៉ោយ បានក្លាយជា «វិទ្យល័យប្រម៉ោយ» ក្នុងឆ្នាំសិក្សា២០០៧-២០០៨ ដោយមានសិស្សចូលរៀន ចំនួន២២៣នាក់ (ស្រី ៨៨នាក់) និងគ្រូបង្រៀនបានកើនឡើងដល់៩នាក់ (គ្មានស្រី)។
ដោយយល់ឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដែលមានទីលំនៅឆ្ងាយពីវិទ្យាល័យ ហើយបានមករៀន និងបង្រៀននៅទីនេះ សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយដ៏ថ្លៃថ្លា ជាអគារស្នាក់នៅចំនួន១ខ្នង មាន៥បន្ទប់ និងបង្គន់អនាម័យ ២ខ្នង មាន៦បន្ទប់ និងគ្រែចំនួន៣៥គ្រែ ដើម្បីជួយសម្រួលដល់ការស្នាក់នៅ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
លោក ហួន ស៊ីថា បន្ថែមថា ក្នុងឆ្នាំសិក្សា២០១១-២០១២ វិទ្យាល័យប្រម៉ោយ បានទទួលជំនួយឧបត្ថម្ភ ពី លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការកសាងអគារទីចាត់ការចំនួន១ខ្នង ដើម្បីសម្រួលដល់កិច្ចការងារដឹកនាំ នៅក្នុងវិទ្យាល័យ។
លោកនាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានគូសបញ្ជាក់ថា សមិទ្ធផលដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនោះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាអំឡុងពេលដែលសម្តេចអញ្ជើញបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ផាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង មានប្រវែង១៩៨គីឡូម៉ែត្រ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ៥៥ ដែលតភ្ផាប់ពីខេត្តពោធិ៍សាត់ ទៅព្រំដែនឃុំថ្មដា ជាប់ប្រទេសថៃ មានប្រវែង១៨២គីឡូម៉ែត្រ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ។
លោក ហួន ស៊ីថា បានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងអស់នោះ រួមមាន៖ អគារសិក្សាចំនួន១ខ្នង មាន១៨បន្ទប់ កម្ពស់៣ជាន់, អគារទីចាត់ការចំនួន១ខ្នង និងបណ្ណាល័យ ៣បន្ទប់, អគារអន្តេវាសិកដ្ឋាន សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សស្នាក់នៅចំនួន១ខ្នង មាន២០បន្ទប់ កម្ពស់២ជាន់, ក្លោងទ្វារ២ ធំមួយ តូចមួយ, តារាងបាល់ទះ១, តារាងបាល់បោះ១, របងព័ទ្ធជុំវិញប្រវែង១៣៥០ម៉ែត្រ, ដងទង់ជាតិ១, ចាក់ផ្លូវបេតុងសរសៃដែកមេ ប្រវែង ១,១៦៤ម៉ែត្រ។ សមិទ្ធផលទាំងនេះ បានចាប់ផ្ដើមសាងសង់ ក្នុងឆ្នាំ២០២០ និងសាងសង់រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២២៕