(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន

ក្រសួងបានបញ្ជាកថា ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមាន ជនរងគ្រោះសរុបចំនួន ៤២នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤២នាក់ (ស្រី ៣៦នាក់) ដោយរបួសធ្ងន់ចំនួន ៥នាក់ (ស្រី ៥នាក់) របួសស្រាលចំនួន ៣៦នាក់ (ស្រី ៣០នាក់) និងជនរងគ្រោះជាស្ត្រី បានស្លាប់ចំនួន ១នាក់។ កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

គិតត្រឹមវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕