(ខេត្តកំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៥ ៩៤១បណ្ណ។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនេះធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅភូមិចំនួន៤ (ភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ) ក្នុងឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិលើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិការពារទ្រព្យសម្បត្តិស្របច្បាប់ តាមរយៈការផ្ដល់ជូននូវបណ្ណកម្មសិទ្ធលើអចលនវត្ថុ ដែលជាឯកសារ បញ្ជាក់នូវសុវត្ថិភាពគតិយុត្ត។
ក្រោមបរិយាកាសដ៏សែនសប្បាយរីករាយនេះ រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ, លោក ឃន ចាន់ថៃ អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍, រដ្ឋបាលស្រុកបារាយណ៍, ក្រុមការងារបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្ត។
គួរបញ្ជាក់ថា ក្រោមការតម្រង់ទិសរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, គ្រប់ផ្នែក គ្រប់ថ្នាក់ បានសហការគ្នាយ៉ាងរលូនក្នុងការចុះបញ្ជីដីធ្លី និងរៀបចំបណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិទាំង៤ ក្នុងឃុំបល្ល័ង្គ បានចប់សព្វគ្រប់ប្រកបដោយភាពជោគជ័យ៕