(ភ្នំពេញ)៖ ក្រសួងអធិការកិច្ចបានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ខ្លួននឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍-សុក្រ ១២-១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សន្និបាតនឹងពិនិត្យពិភាក្សា និងវាយតម្លៃលើលទ្ធផលការងារ ដែលក្រសួងអធិការកិច្ច បានអនុវត្តក្នុងឆ្នាំ ២០២៤ ជាពិសេសវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍សំខាន់ៗ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ និងពិនិត្យពិភាក្សាលើទិសដៅការងារឆ្នាំ២០២៥ ដែលមានគោលដៅយុទ្ធសាស្ត្រ វិធានការគន្លឹះ និង ផែនការសកម្មភាពច្បាស់លាស់សម្រាប់អនុវត្តភារកិច្ចបន្តលើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច សំដៅរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព ជាពិសេស លើការកែទម្រង់សំខាន់ៗនានា ដើម្បីឧត្តម ប្រយោជន៍របស់សង្គមជាតិ និងប្រជាជន។
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំពិភាក្សាលើរបាយការណ៍សមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារព្រមទាំងការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ «ព៤ជ៤» ដែលជាការផ្តួចផ្តើមដោយ លោករដ្ឋមន្ត្រី សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៨ សម្រាប់ជាត្រីវិស័យក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរបន្ថែមទៀត។
ក្នុងនោះ «ព៤» សំដៅដល់ការពង្រឹងការងារស្នូលចំនួន ៤ រួមមាន៖ «ព១»ពង្រឹងការងារអធិការកិច្ច «ព២»ពង្រឹងការងារដោះស្រាយបណ្តឹង «ព៣» ពង្រឹងការងារតាមដានការអនុវត្តច្បាប់ «ព៤» ពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ និង«ជ៤» សំដៅដល់ការជំរុញ ការងារគាំទ្រចំនួន៤ រួមមាន៖ «ជ១» ជំរុញការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត «ជ២» ជំរុញនិងបង្កើនសមត្ថភាព ស្ថាប័ន «ជ៣»ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ និង«ជ៤»ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
នៅព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ សន្និបាតនឹងប្រារព្ធពិធីបិទជាផ្លូវការក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕