(កណ្តាល)៖ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ស្រី ចាន់ថន តំណាងក្រុមគ្រួសារ ក្រុមហ៊ុន 9NG បរិច្ចាគថវិកា ចំនួន ២០,០០០,០០០រៀល និងអង្ករចំនួន ២០តោន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
កន្លងមកលោកឧកញ៉ា តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា។ ជាមួយគ្នានេះ លោកឧកញ៉ាក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភ ដល់កម្មវិធីសប្បុរសជាច្រើនទៀត។
ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈតាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
គូររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់។ ដូច្នេះសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ។
លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកឧកញ៉ា ស្រី ចន្ធូ និងគ្រួសារព្រមទាំងបុគ្គលិកនៃ ក្រុមហ៊ុន 9NG ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងនាមសមាជិកសមាជិកានៃគណៈកម្មាធិការសាខាទាំងអស់ សូមលើកហត្ថបួងសួង ដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះលោកឧកញ៉ា ស្រី ចន្ធូ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិក សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕