(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា បានរៀបចំពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៧អង្គការ ដែលមានថវិកាសរុបជាង១៥លានដុល្លារអាមេរិក អនុវត្តគម្រោង និងចំណាយដោយផ្ទាល់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការតឱណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការីផងដែរ។
គម្រោងទាំងនេះអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងខេត្តសៀមរាប ធ្វើសកម្មភាពជួយដល់ក្រុមគោលដៅ ជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ជនក្រីក្រ និងជនមានពិការភាព។
លោក ស៊ូនី វង្សវិសិដ្ឋ បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១៧៨អង្គការ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថវិកាគម្រោងសរុប ជាង ២២២លានដុល្លារអាមេរិក បានកើនទ្បើង ចំនួន ២០អង្គការ ធៀបនិងឆ្នាំមុនដែលមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៥៨អង្គការ និងថវិកាគម្រោង ចំនួន ជាង ១៧៩លាន ដុល្លារអាមេរិក។
លោកបានបន្ថែមថា វិស័យសង្គមកិច្ច បានរួមចំណែកនិងដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗ ជាច្រើនក្នុងនោះ មានការអនុវត្តគោលនយោបាយ កម្មវិធីជាតិពាក់ព័ន្ធ សំដៅបង្កើតនិងផ្តល់នូវសេវា ដើម្បី ជួយដល់ជនរងគ្រោះ ក្រុមជនងាយរងគ្រោះ និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ។
លោកបានបញ្ជាក់ថា ក្រសួង កំពុងផ្តល់ជូនដល់ក្រុមគោលដៅមានដូចជា មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មជ្ឈមណ្ឌលសំចតប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មណ្ឌលយុវនីតិសម្បទា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មជ្ឈមណ្ឌលស្តារកាយ សម្បទា បុរីទារកនិងកុមារជាតិ និងមណ្ឌលកុមារកំព្រា ជាដើម៕